(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើង ដែលជាជនសង្ស័យ ចំនួន៤នាក់ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ដែលបង្កដោយ ក្រុមក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះឈ្មោះ រិន រិន ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលឱ្យបែកក្បាល ហើយក្រុមជនសង្ស័យ បាននាំគ្នាគេចខ្លួន ក្រោយមកកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ មានឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ។

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង ០៤នាក់តាមនីតិវិធីរួចមក តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង០៤នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕