(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ «មាតុភូមិខ្ញុំ៖ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» ក្នុងគោលបំណងដើម្បីពង្រីកការផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាបញ្ជ្រាបការយល់ដឹងសាធារណៈក្នុងការចូលរួមការពារ និងថែរក្សាឆ្នេរនិងព្រែកដ៏ស្រស់ស្អាតនិងដ៏មានសក្ដានុពល។

កម្មវិធីប្រឡងប្រណាំងវីដេអូខ្លីត្រូវបានបើកជាផ្លូវការនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ គ.អ.ឆ.ក. និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញក្នុងវិស័យថតរូប អ្នកមានប្រជាប្រិយភាពក្នុងសង្គម សិស្សានុសិស្សជាច្រើននាក់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោករដ្ឋលេខាធិការ នី ផល្លី បានឱ្យដឹងថា រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិ គ.អ.ឆ.ក. ជាសេនាធិការ បានដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់និងព្រែកកម្សាន្តស្អាតជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះគឺរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់បានរួមគ្នាក្នុងការរៀបចំឆ្នេររបស់កម្ពុជាបានកាន់តែស្អាត ដើម្បីទាក់ទាញនិងត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តឱ្យបានកាន់តែច្រើន។

លោកបានបន្តថា មកដល់ឆ្នាំ២០២៤នេះ ដោយយល់ឃើញពីសារសំខាន់នៃការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែផុលផុស សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាការផ្ដល់នូវសារអប់រំដល់សាធារណជននិងភាគីពាក់ព័ន្ធ គណៈកម្មាធិការជាតិ គ.អ.ឆ.ក. ក៏បានផ្ដល់ជាគោលការណ៍ដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ.អ.ឆ.ក. សហការរៀបចំជាចលនាផលិតវីដេអូ ក្រោមប្រធានបទ «មាតុភូមិខ្ញុំ៖ ឆ្នេរសមុទ្រនិងព្រែកស្អាតឆ្នាំ២០២៤» ហើយក៏បានចាប់ទទួលការចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី២៧នេះតទៅ។

លោកអគ្គលេខាធិការរង នី ផល្លី បានបង្ហាញពីគោលបំណងសំខាន់នៃកម្មវិធីប្រឡងប្រណាំងវីដេអូខ្លីនេះ ទី១-គឺពង្រីកការផ្សព្វផ្សាយដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដើម្បីឱ្យស្គាល់ពីគោលដៅទេសចរណ៍ឆ្នេរសមុទ្រនិងព្រែកស្អាតៗ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធកំពុងរៀបចំជាច្រើនមកហើយនោះ, ទី២-គឺចង់បង្ហាញអំពីសក្ដានុពលទេសចរណ៍ផ្សេងៗទៀតដែលផ្សារភ្ជាប់សក្ដានុពលឆ្នេរនិងព្រែកទាំងនោះ ដែលក្នុងនោះមិនមែនមានតែកន្លែងកម្សាន្តប៉ុណ្ណោះទេ គឺមានទាំងការរៀបចំផ្ដល់បដិសណ្ឋារកិច្ចរបស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន មានទាំងសេវាកម្មម្ហូបអារហារតាមមូលដ្ឋានតំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។ លោកថា ក្រៅពីការផ្សព្វផ្សាយ ក៏មានបង្ហាញការអប់រំ ដែលការអប់រំនេះគឺមានសារសំខាន់ណាស់ ដើម្បីឱ្យមានការចូលរួមថែរក្សាការពារ និងអភិវឌ្ឍតំបន់ឆ្នេរនិងព្រែកប្រកបដោយចីរភាព។

គួរជម្រាបថា សម្រាប់នីតិវិធីក្នុងការចូលរួមប្រឡងប្រណាំង គឺមានដូចខាងក្រោម៖
១- ជាវីដេអូខ្លី (រយៈពេលក្រោម៣នាទី) អំពីទេសភាពនៃឆ្នេរនិងព្រែកកម្សាន្តក្នុងចំណោមខេត្តកែប ខេត្តកំពត ខេត្តកោះកុង ឬខេត្តព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
២- បេក្ខជនអាចស្នើសុំចុះឈ្មោះចូលរួមប្រឡងប្រណាំងតាមរយៈ Google Form ដូចមានតំណភ្ជាប់ https://forms.gle/3MjDo4bnEF04ZRPv6
៣- បេក្ខជនត្រូវផុសវីដេអូខ្លីនៅលើគណនី Facebook និង TikTok របស់ខ្លួនជាសាធារណៈ (Public Post) ដោយភ្ជាប់នូវគំរូនៃស្តង់ដា Hashtag ទាំង៦ រួមមានៈ #videocompetition #beachandstream #tourismcambodia #Coastalzone #beachesofCambodia
#CambodiaBay។
៤- វីដេអូខ្លីនឹងត្រូវវាយតម្លៃទៅតាមដំណាក់កាលដូចខាងក្រោម៖
* ដំណាក់កាលទី១៖ វីដេអូខ្លីទាំងអស់នឹងត្រូវជ្រើសរើសពីគណនី Facebook និង Tik Tok ផ្ទាល់ខ្លួនរបស់បេក្ខជន ដើម្បីតាមដាននិងវាយតម្លៃ
* ដំណាក់កាលទី២៖ វីដេអូខ្លីល្អដែលបានជ្រើសរើស នឹងត្រូវបានវាយតម្លៃដោយគណៈកម្មការកិត្តិយស និងបង្ហាញលើបណ្ដាញសង្គមរបស់កម្មវិធីប្រឡងប្រណាំង ដើម្បីទទួលមតិនិងការវាយតម្លៃបន្ថែម។

លោក នី ផល្លី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានទូរសព្ទប្រើប្រាស់គ្រប់ដៃ នៅពេលបានទៅដើរលេងកម្សាន្ត សូមជួយថតផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឆ្នេរនិងព្រែករបស់កម្ពុជា ដើម្បីចែករំលែកនិងបង្ហាញពីភាពទាក់ទាញនៅតាមគោលដៅទាំងនោះដល់ភ្ញៀវទេសចរដទៃទៀត។

សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកនៅឆ្នាំ២០១៤ ហើយក៏ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមឱ្យថា «តារារះនាទិសនិរតី»៕