(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំប្រចាំកម្ពុជា បា​នអបអរសារទរ និងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូន និងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។

លោក Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានចាត់ទុកសម្តេចជាប្អូនប្រុស និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលបានការកោតសរសើរ និង ស្រឡាញ់ពីប្រជាជនបង់ក្លាដែស។ លោកបានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ មេដឹកនាំដូចប្រទេសកម្ពុជាមាន មិនមានច្រើនទេនៅក្នុងពិភពលោក ។

លោកអគ្គរដ្ឋទូតបានរំលឹកថា លោកធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ ឯកឧត្តម មានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ... ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប ។

លោកក៏បានអបអរសារទរ និងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូននិងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមប្រធានសភាជាតិបង់ក្លាដែស លោកឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និង ស្ថិរភាព សម្រាប់ការអភិវឌ្ឍ ។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ លោក Mohammed Abdul Hye ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្តេច ចាត់ទុកសម្តេចជាបងធម៌ និងបានធ្វើការជាមួយគ្នាយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានលើកឡើងថា សម្តេច និងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចបានសន្តិភាពដោយខ្លួនឯង។ ពិតណាស់ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលគោលដៅចម្បងរបស់អ៊ុនតាក់ គឺសន្តិភាព។ ក៏ប៉ុន្តែ នៅពេលអ៊ុនតាក់ចាកចេញពីកម្ពុជា បន្ទាប់ពីចំណាយអស់ប្រមាណ២ពាន់លានដុល្លារ អ៊ុនតាក់ ទុកប្រទេសកម្ពុជាមួយដែលមានមានតំបន់ត្រួតត្រាពីរ។ សម្តេចបានប្រថុយគ្រោះថ្នាក់ និងជីវិត ក្នុងការដឹកនាំកម្លាំងតស៊ូ ក្រោយមកចូលក្នុងតំបន់ខ្មែរក្រហម ដើម្បីសម្រេចបាននូវសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។ សន្តិភាពបែបនេះ មិនមានទេនៅកម្ពុជា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ។ ពេលបញ្ចប់សង្គ្រាមបានទាំងស្រុង សម្តេចបានប្រមូលកម្លាំងមនុស្ស និង ប្រាជ្ញា ដើម្បីខិតខំសម្រេចកំណើនសេដ្ឋកិច្ច ជាង៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍ ។ រហូតដល់ឆ្នាំ២០០៤ ទីក្រុងភ្នំពេញ មានអគារខ្ពស់ត្រឹមតែប្រាំពីរជាន់ តែមួយគត់ប៉ុណ្ណោះ តែឥឡូវមានអគារខ្ពស់ ម្ភៃ សាមសិបជាន់ រាប់រយ។ ផ្ទៃដីទីក្រុងភ្នំពេញ បានកើនឡើងពី៣០០គម២ មកជាង ៧០០គម២ រីឯ ប្រជាជនក៏មានការកើនឡើងខ្លាំងក្លាដែរ ។

សម្តេចមានការកើតសរសើរថ្នាក់ដឹកនាំបង់ក្លាដែស ខិតខំអភិវឌ្ឍប្រទេសដែលមានប្រជាជនច្រើន ជិត១៧០លាននាក់ស្មើ ១០ដងនៃប្រជាជនកម្ពុជា នៅក្នុងផ្ទៃដីតូចជាងកម្ពុជា ។ សម្តេច វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina ដែលសម្រេចបាននូវស្ថិរភាពមួយដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចខ្ពស់របស់បង់ក្លាដែស និង ការទប់ស្កាត់ជំងឺកូវីដ១៩។ ទឹកដីតូច និង ចិញ្ចឹមប្រជាជនជិត ១៧០លាននាក់ មិនមែនជាការងារស្រួលទេ ជាពិសេស ពេលសម័យជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រទេសខ្លះធ្លាប់មើលស្រាលសមត្ថភាពរបស់ប្រទេសកម្ពុជា បង់ក្លាដែស និងនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងការផ្ទេរអំណាចដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា វាគឺជាការលះបង់ដ៏ធំធេងផ្ទាល់ខ្លួនរបស់សម្តេច ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ មិនមាននាយករដ្ឋមន្ត្រីច្រើន ដែលហ៊ានលះបង់ដូចសម្តេចទេ ។ លទ្ធផលល្អនៃការលះបង់របស់សម្តេច បានចេញឱ្យឃើញកាន់តែជាក់ស្តែង ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ត្រូវធានាបានកំណើនសេដ្ឋកិច្ចនៅតែបន្ត អតិផលរណាទាប ... ។ សម្តេចតេជោ នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសផងដែរសម្រាប់សម្តេចជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina។

ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឱ្យលោកអគ្គរដ្ឋទូតពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina និងសូមជូនពរលោកឱ្យមានសុខភាពល្អ និងបន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕