(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចាប់ និងបញ្ជូនក្មេងទំនើងចំនួន៣នាក់ ទៅតុលាការនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយប្រើដាវសាំម៉ូរ៉ៃ និងកាំបិតកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។

សូមបញ្ជាក់ថា ក្រុមបង្កនេះបានប្រព្រឹត្តអំពើហិង្សានៅវេលាម៉ោង០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យមោង ភូមិពោធិ៍១ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

តាមរបាយការណ៍កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា បន្ទាប់កើតហេតុភ្លាមៗនោះ និងយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វាសនា វណ្ណ: អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី រួចមក កម្លាំងជំនាញបានធ្វើការបង្ក្រាបបានភ្លាមៗ និងចាប់ក្រុមបង្កបាននៅចំណុចអនុវិទ្យាល័យមោង ភូមិពោធិ៍១ ឃុំគារ។

ជនបង្កទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ព្រួញ រតនា អាយុ២២ឆ្នាំ ទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
*ទី២៖ ឈ្មោះ គ្រឿម មិថុនា អាយុ២៣ឆ្នាំ ទីលំនៅភូមិ/ឃុំខាងលើ
*ទី៣៖ ឈ្មោះ រូន រញ អាយុ២៦ឆ្នាំ មុខរបរមើលគោ ទីលំនៅភូមិ/ឃុំខាងលើ។

បើតាមរបាយការណ៍, នៅពេលកើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃ និងកាំបិតបានធ្វើ់សកម្មភាពកាប់ទៅលើជនរងគ្រោះ ខណ:ដែលកំពុងមើលការបង្គំតន្ត្រីបណ្តាលឲ្យរងរបួសរយះត្រង់
ប្រអប់ជើង និងក្បាលជង្គង់ខាងឆ្វេងកាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅចំណុចខាងលើ។

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង បាបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនទាំង៣នាក់, កម្លាំងរបស់លោកបានដកហូតវត្ថុតាងមាន៖ កាំបិតចំនួន ០១ដើម ប្រវែង ៦៥
សង់ទីម៉ែត្រ, ម៉ូតូចំនួន ០១គ្រឿង ម៉ាក ហុងដាឃ្លីច ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AL-7311 និងទូរស័ព្ទ ចំនួន ០១គ្រឿង។

លោកបានបញ្ជាឲ្យមន្រ្តីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕