(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានចេញសាលក្រមច្រានចោលនឹងបណ្តឹងទាស់របស់ជនជាប់ចោទឈ្មោះ វ៉េត សុភា ពាក់ព័ន្ធនឹងសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ដែលតុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទកាលពីខែកុម្ភៈ​ ឆ្នាំ២០២៣។

យោងតាមសាលក្រមរបស់តុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២២ ជនជាប់ចោទឈ្មោះ វ៉េត សុភា បានកិបកេងយកប្រាក់រឿងការងារកិនជ័រកៅស៊ូ ពីដើមបណ្ដឹងឈ្មោះ លី សាន អស់ជាច្រើនម៉ឺនដុល្លារ។

ក្រោយមករឿងរ៉ាវទាំងនេះបែកធ្លាយ ក៏ជនជាប់ចោទបានធ្វើលិខិតទទួលស្គាល់កំហុស និងទទួលខុសត្រូវចំពោះអំពើខ្លួនជាមួយដើមបណ្ដឹង។ ប៉ុន្តែជនជាប់ចោទឈ្មោះ វ៉េត សុភា មិនបានចេញមុខទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ ថែមទាំងគេចវេសរហូត ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ។

ក្រោយដំណើរការក្តីនៅតាមផ្លូវតុលាការជាបន្តបន្ទាប់, ជនជាប់ចោទមិនចូលខ្លួននោះទេ រហូតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបតុលាការបានចេញសាលក្រមផ្ដន្ទាទោសជនជាប់ចោទឈ្មោះ វ៉េត សុភាព និងបុគ្គល ពាក់ព័ន្ធផ្សេងទៀត ពីបទ «រំលោភលើទំនុកចិត្ត» និងចេញដីការចាប់ខ្លួន។

លុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនជាប់ចោទ បានប្ដឹងទាស់នឹងសាលក្រមកំបាំងមុខនេះ តែនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តុលាការ បានប្រកាសសាលក្រមលើបណ្ដឹងទាស់របស់ជនជាប់ចោទឈ្មោះ វ៉េត សុភា ដោយសម្រេចលើកចោលបណ្ដឹងទាស់របស់ជនជាប់ចោទ ដោយចាត់ទុកថាឥតបានការ និងសម្រេចតម្កល់សាលក្រមចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ទុកជាបានការដដែល៕