(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក លី មឹងឆិន (Li Meng Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក ចូលជួបពិភាក្សាកាងារ ព្រមទាំងរាយការណ៍អំពីកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍នានា។

ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានលើកឡើងពីការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ស្របតាមគំនិតផ្ដួចផ្ដើម «បង្កើន៥ អភិវឌ្ឍ៣» ដែលដាក់ចេញដោយក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា ក្រុមហ៊ុននេះបានវិនិយោគលើការសាងសង់គម្រោងផ្លូវថ្នល់ គម្រោងផ្លូវទឹក ហេដ្ឋាររចនាសម្ព័ន្ធចម្រុះ អាកាសយានដ្ឋានអន្តរជាតិខ្នាត F4 កំពង់ផែទឹកជ្រៅ រួមទាំងគម្រោងជាច្រើនទៀតនៅក្នុងតំបន់តារាសាគរ ដែលបានចូលរួមជំរុញរំហូរភ្ញៀវទេសចរយ៉ាងច្រើនទៅកាន់ខេត្តកោះកុង៕