(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន៥,០០០ដុល្លារបន្ថែមទៀត ទៅប្រគល់ជូននិងសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

កន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងនាយ-នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខជាបន្តបន្ទាប់ចំនួន៥លើក និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់នាយ-នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងស្មារតីសាមគ្គីភាព ចែករំលែកជួយគ្នាក្នុងគ្រាអាសន្នប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី សម្រាប់ព្យាបាលជំងឺ សរុបជារួមចំនួន៤០,០០០ដុល្លារហើយផងដែរ៕