(សេអ៊ូល)៖ តបតាមការអញ្ជើញរួមរបស់លោក Oh Young Hun អភិបាលខេត្តស្វយ័តពិសេសចេជូ និងលោក Kang Young Hoon ប្រធានវិទ្យាស្ថានសន្តិភាពចេជូ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលអ្នកជំនាញអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយវិទ្យាស្ថាន Sejong។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានផ្តល់នូវទិដ្ឋភាពរួមនៃដំណើរកសាងសហគមន៍អាស៊ានមកដល់ចំណុចនេះ ហើយបានគូសបញ្ជាក់ពីវិធីដែលសាធារណរដ្ឋកូរ៉េ និយាយដោយឡែក គឺវិទ្យាស្ថាន Sejong អាចចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។ លោកក៏បានលើកយោបល់ឱ្យវិទ្យាស្ថាននេះស្នើនូវវិធានការនានា ដើម្បីទាញយកប្រយោជន៍ពីការចូលរួមរបស់សាធារណរដ្ឋកូរ៉េ ក្នុងយន្តការផ្សេងៗដឹកនាំដោយអាស៊ាន ក្នុងការគាំទ្រដល់ទំនាក់ទំនងអាស៊ាន-កូរ៉េ និងទំនាក់ទំនងរវាងកូរ៉េជាមួយដៃគូផ្សេងទៀត។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Yu In-Chon រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរបានគូសរំលេចអំពីសារៈសំខាន់នៃការជំរុញទេសចរណ៍ដោយចីរភាព ដើម្បីពង្រឹងការប្រកបរបរចញ្ចឹមជីវិត និងកាត់បន្ថយផលបះពាល់នៃការបម្រែបម្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រទីផ្សារទេសចរណ៍ និងបានរិះរកការបង្កើតយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងវិស័យទេសចរណ៍។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហការផ្នែកកីឡា ដោយបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធីផ្លាស់ប្តូរអន្តរបុគ្គល និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំបាល់ទាត់អាស៊ាន-កូរ៉េ (FIELD) ផងដែរ។

បន្ទាប់មក លោកអគ្គលេខាធិការអាស៊ានបានផ្តល់កិច្ចសម្ភាសន៍ដល់កម្មវិធី Kim Jiyoon’s Knowledge Play YouTube Channel ដោយលោកបានចែករំលែកពីទស្សនៈលើបញ្ហាមួយចំនួន រួមទាំងសមិទ្ធផលរបស់អាស៊ានក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ចក្ខុវិស័យនាពេលអនាគត ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ស្របពេលជាមួយបរិយាកាសភូមិសាស្ត្រនយោបាយពេលបច្ចុប្បន្ន ក៏ដូចជាទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលភាគីទាំងពីរនឹងប្រារព្វខួបអនុស្សាវរីយ៍៣៥ឆ្នាំនៅឆ្នាំនេះ។

នៅល្ងាចថ្ងៃទី២៧ ខែឧសភា លោក កៅ គឹមហួន បានចូលរួមពិធីអបអរសាទរនៃការចូលកាន់តំណែងរបស់លោក Kim Jae-shin ជាអគ្គលេខាធិការទី៦នៃមជ្ឈមណ្ឌលអាស៊ានកូរ៉េ ហើយបន្ទាប់មកបានអញ្ជើញចូលរួមពិសាអាហារពេលល្ងាច ដោយមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូតអាស៊ានប្រចាំទីក្រុងសេអ៊ូល និងតំណាងមកពីក្រសួងការបរទេសកូរ៉េផងដែរ។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានអបអរអគ្គលេខាធិការរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងបានកោតសរសើរការងាររបស់មជ្ឈមណ្ឌលនេះ ក្នុងរយៈពេលកន្លងទៅ។ លោកក៏បានលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលនេះ ផ្តួចផ្តើមសកម្មភាព និងកម្មវិធីថ្មីៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េផងដែរ៕