(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អ សម្រាប់ប្រទេសកម្ពុជា-អាមេរិក ក្នុងការជំរុញបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីចូលរួមសន្និសីទស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

នេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២របស់លោក Lloyd Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈដែលលើកទី១ លោកបានមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា៖ «ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

លោកបានបន្តថា ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នៅខែមិថុនា ខាងមុខនេះ លោក Lloyd Austin មានបំណងស្នើជួបជាមួយ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួន៕