(កំពង់ឆ្នាំង)៖ កម្មករកម្មការិនីរោងចក្រចំនួន៤៧នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះរងរបួសធ្ងន់ពីរនាក់ស្រីម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង រវាងរថយន្តដឹកកម្មករដូចគ្នា ដែលបានកើតហេតុនៅលើកំណាត់ផ្លូវជាតិ លេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៧-៤ ៨ ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ទោ ក្រឹង សំណាង អនុប្រធានការិយាល័ យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ នេះឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងរវាងរថយន្តដឹកកម្មករដូចគ្នា បើកបរក្នុងដំណើរស្របទិសគ្នា។

លោកបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿង ម៉ាកHYUNDAIពណ៌សពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1013បើកបរដោយឈ្មោះ ធា ភេទប្រុសរស់នៅភូមិត្រដក់ពង ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបើកបរពីទិសខាងជើងទៅទិសខាងត្បូង។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រមួយគ្រឿងផ្សេងទៀត ម៉ាក់HYUNDAIដូចគ្នា ពណ៌សពាក់ផ្លាកលេខ កំពង់ឆ្នាំង3A-1411 បើកបរដោយឈ្មោះ ណែម ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងទៅត្បូងក្នុងដំណើរស្របទិសគ្នានឹងបានបុកគ្នាពេញទំហឹង ទើបបណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់និងស្រាលជាច្រើនអ្នកដូចខាងលើនេះ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្ដាលឲ្យកម្មករ កម្មការិនីចំនួន៤៧នាក់រងរបួសធ្ងន់និងស្រាលក្នុងនោះមានស្ត្រីម្នាក់និងបុរសម្នាក់រងរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដោយឡែកមធ្យោបាយបង្កទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុ កនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំធ្វើកា រដោះស្រាយនៅពេលក្រោយ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មកររោងចក្រជាច្រើននាក់រងគ្រោះថ្នាក់ចរាចរណ៍និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខនិងនាំយកនូវថវិកាជូនដល់កម្មករកម្មការិនីដែ លកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចភ្លាមៗផងដែរ ដើម្បីជួយរំលែកនូវការលំបាករបស់កម្មករ កម្មការិនី ដែលបានជួបនូវឧបទេវហេតុខាងលើនេះ។

សូមបញ្ជាក់បន្ថែមថា បើតាមផេកផ្លូវការរបស់លោកអភិបាលខេត្ត កម្មករកម្មការិនីដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ សរុបមានចំនួនរហូតដល់៦៦នាក់ដែលក្រុមការងាររបស់លោកអភិបាលបានយកថវិកាទៅជូនដោយផ្ទាល់កាលពីព្រឹកមិញនេះ៕