(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.-CDC) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាក្នុងគោលបំណងសំខាន់ៗរួមមាន៖

ទី១៖ ផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការសិក្សាស្រាវជ្រាវ សិក្ខាសាលា វគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូឧទ្ទេស បុគ្គលិក និងនិស្សិត
ទី២៖ ផ្លាស់ប្ដូរព័ត៌មានស្ដីពីឱកាសការងារ កម្មសិក្សា និងកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ការអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍
ទី៣៖ ការផ្តល់បាឋកថា និងការចែករំលែកបទពិសោធន៍ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះមានការអញ្ជើញជាភាគីហត្ថលេខី និងជាអធិបតីរបស់លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ បុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើននាក់។

យោងតាមប្រសាសន៍របស់លោក លី ណាវុឌ្ឍ បានឱ្យដឹងថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ មាន៥កម្រិត-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ-បរិញ្ញាបត្ររង-បរិញ្ញាបត្រ-បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មាន១២មហាវិទ្យាល័យ និង៤២មុខជំនាញ។

លោកបន្តថា សាកលវិទ្យាល័យបានបញ្ចូលកម្មវិធី ទស្សនកិច្ចសិក្សា កម្មសិក្សា ការចុះហ្វឹកហាត់ការងារ (Practical Training) ក្នុងកម្មវិធីសិក្សារបស់និស្សិតរៀងរាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ក្នុងគោលបំណងឱ្យនិស្សិតទទួលបានការសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដើម្បីឈ្វេងយល់បន្ថែមពីចំណេះដឹងថ្មីៗ ទិដ្ឋភាពទូទៅ តួនាទី ភារកិច្ច របស់ក្រសួង ស្ថាប័ននានា ទាំងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃមុខជំនាញសិក្សារបស់និស្សិតស្របតាមបាវចនារបស់ប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។

លោកថា «ជាពិសេស ថ្ងៃនេះសាកលវិទ្យាល័យ មានឱកាសបានធ្វើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នរបស់ជាតិមួយ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យ និងសម្រេចការងារនីតិសម្បទា ការវិនិយោគលើវិស័យឯកជន និងសាធារណៈ ចូលរួមចំណែកអភិវឌ្ឍន៍ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជានាយករដ្ឋមន្រ្តីដ៏ឆ្នើម ប្រកបដោយភាពប៉ិនប្រសប់ និងប្រាកដនិយម ដើម្បីបន្តដឹកនាំប្រទេសជាតិចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០»។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ បានថ្លែងការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

ក្នុងឱកាសនោះលោក គង់ វិមាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក និងសាស្រ្តចារ្យ ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ។

អគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើការរួមគ្នា ក្នុងការពង្រឹងកិច្ចសហការ ស្របតាមគោលបំណង ដែលបង្ហាញពីភាពជាដៃគូរ រវាងរដ្ឋ និងឯកជន រួមគ្នាអភិវឌ្ឍធនធានមនុស្សសម្រាប់ព្រះរាជាណាចក្រកម្ពុជា៕