(សៀមរាប)៖ ពលរដ្ឋមកពីគ្រួសារក្រីក្រ ជនពិការ និងចាស់ជរាចំនួន៣០០គ្រួសារ ក្នុងក្រុងសៀមរាប ទទួលបានអំណោយពីសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបូរី ផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ស្ថិតនៅក្នុងបរិវេណវត្តប្រាសាទគោកចក ក្រោមវត្តមាននិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប, លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី និងសហការី ព្រមទាំងលោក លោកស្រី ជាអាជ្ញាធរក្រុង មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

មានប្រសាសន៍នោះ លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានលើកឡើងអំពីគោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបន្តថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈផងដែរ។ ហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ។

លោក សុខ ថុល និងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀត កាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។ 

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាព ដែលជាកាតាលីករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់រានមានជីវិតប្រចាំថ្ងៃរបស់សង្គម។ ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជម្រុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និងជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ ម៉្យាងទៀត ក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌របស់សមាគមសង្រ្គោះ ជីវិតនៃប្រទេសសិង្ហបូរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា-សិង្ហបូរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ស្ថិតស្ថេរជានិច្ចនិរន្តទៅអនាគតផងដែរ។ 

អ្នកឧកញ៉ាបណ្ឌិត ក៏បានជម្រុញដល់ប្រជាពលរដ្ឋឲ្យនាំកូនចៅរបស់ខ្លួន ទៅចុះឈ្មោះចូលរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា ក្នុងការកសាង បណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ដូចនឹងប្រទេសសឹង្ហបូរីផងដែរ។ អ្នកឧកញ៉ាបណ្ឌិតបន្តថា ក្នុងទស្សវត្សឆ្នាំ៧០ ប្រទេសសឹង្ហបូរី មានស្ថានភាពដូចប្រទេសកម្ពុជា តែដោយកម្ពុជាជួបនូវសង្រ្គាមរាំងជុល ធ្វើឲ្យបាត់បង់ធនធានមនុស្ស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

អ្នកឧកញ៉ាបណ្ឌិត បានសំណូមពរដល់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបូរី បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សាមណ្ឌលសុខភាព ផ្លូវថ្នល់ អណ្តូងទឹកស្អាត បង្គន់អនាម័យ និងបរិស្ថានផងដែរ។

អំណោយដែលទទួលបានរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៩គក្រ, មី ១កេស ,ទឹកស៊ីអ៊ីវ ២ដប ,បេងឆា ១លីត្រ និងថវិកា ១ម៉ឺនរៀលផងដែរ៕