(ព្រះវិហារ)៖ បន្ទាប់បានទទួលព័ត៌មានផ្ទុះមីននៅខេត្តព្រះវិហារបណ្តាលស្លាប់មនុស្សម្នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនលោកស្រី ថាន់ ចំរើន (ប្រពន្ធ) និងក្រុមគ្រួសារ ចំពោះមរណភាព លោក ថោង ចន អាយុ  ៣៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន ក្នុងចំការបំរុងដាំដំឡូងមី នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦៖១៦នាទីល្ងាច។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាព លោក ថោង ចន គឺជាការបាត់បង់ស្វាមី ឪពុក បងប្រុស ប្អូនប្រុស ជាទីគោរពស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូនៗ ឱ្យមានអនាគតរុងរឿង ជារៀងដរាបមក។ មរណភាពនេះ គឺជាការបាត់បង់នូវមន្ត្រីឆ្នើមមួយរូបដែលបាន ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ស្មារតី បម្រើប្រជាជនកម្ពុជា។

លោកវេជ្ជ. អ៊ុយ សំអាត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ថោង ចន សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ សាខាកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកជាំក្សាន្ត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។

ទន្ទឹមនឹងនេះ ក៏មានសមាជិកក្រុមប្រឹក្សា យុវជនស.ស.យ.ក ប្រជាពលរដ្ឋ និងសិស្សានុសិស្សមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធផងដែរ៕