(ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំអាហារការងារជូនលោកស្រី ល្វីស មូសុីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិកាហ្វ្រង់កូហ្វូនី នៅនិវេសនដ្ឋានឯកអគ្គរាជទូត។

លោក លុយ ដាវីត បានប្រាប់ឱ្យ Fresh News ដឹងថា ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់លោកស្រីអគ្គលេខាធិការ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសបារាំង កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោកឯកអគ្គរាជទូត និងលោកស្រីអគ្គលេខាធិការ បានផ្តោតការពិភាក្សា លើដំណើរការនៃការរៀបចំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលការសម្រេច នឹងប្រព្រឹត្តទៅនាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។

បើតាមលោក លុយ ដាវីត, លោកស្រីអគ្គលេខាធិការបានកោតសសើរចំពោះភាពសកម្មរបស់កម្ពុជា នៅក្នុងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Organisation International de la Francophonie: OIF) ដែលមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាបិតាស្ថាបនិកមួយអង្គនៃអង្គការនេះ។

ក្នុងករណីបេក្ខភាពរបស់កម្ពុជាត្រូវបានសម្រេចឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នោះអង្គការ OIF នឹងត្រៀមលក្ខណ:ផ្តល់កិច្ចសហប្រតិបត្តិការរៀបចំកិច្ចប្រជុំនេះឲ្យបានជោគជ័យ។ នេះជាឱកាសដ៏ពិសេសរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏ធំ ដែលមានសមាជិកចំនួន៨៨ប្រទេស ពីទ្វីបទាំងប្រាំចូលរួម៕