(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុត ក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ
ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។ ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕