(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យដ៏ធំទំនើប ជាជំនួយរបស់រាជរដ្ឋាភិបាលចិនជូនប្រទេសកម្ពុជា។ ថ្មីៗនេះ ផ្នែកជំងឺភ្នែក បានបំពាក់ម៉ាស៊ីនកុំព្យូទ័របូមបាយភ្នែកបន្ថែមទៀត (របស់ប្រទេសជប៉ុន) ដែលម៉ាស៊ីនបូមបាយនេះទំនើប ងាយស្រួលប្រើ បូមបាយភ្នែកបានលឿនរហ័ស មិនឈឺចាប់ ប្រើមុខរបួសតូច ឆាប់ជាសះស្បើយ មិនសូវតមការងារយូរ និងមានភាពងាយស្រួល។

ម៉ាស៊ីនបូមបាយភ្នែកនេះ កំពុងពេញនិយមប្រើប្រាស់ ជាអន្តរជាតិនាពេលបច្ចុប្បន្ន។ ការពិនិត្យព្យាបាល បូមបាយភ្នែក ដោយកុំព្យូទ័រ និងប្រើកែវទន់ ឥតគិតថ្លៃសម្រាប់សមាជិក បសស ការព្យាបាល ការបូមបាយភ្នែក មិនរង់ចាំយូរ មានកន្លែងសម្រាកស្អាត មានផាសុខភាព។

ការបំពាក់ម៉ាស៉ីនទំនើបនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ និងការលើកស្ទួយវិស័យសុខភាពសាធារណៈ ឲ្យកាន់តែទំនើបដើរទាន់វិទ្យាសាស្រ្តបច្ចុប្បន្ន និងផ្តល់សេវាដែលមានគុណភាព ដែលជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងកំណើនប្រជាពលរដ្ឋ មន្រ្តីរាជការ ពិសេសសមាជិក បសស មកទទួលសេវាកាន់តែមានចំនួនកើនឡើងពី ១ថ្ងៃទៅ១ថ្ងៃ នៅផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ទាំងនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យលោក តាន់ សុគុន ក៏ដូចជាការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលលោកខិតខំធ្វើឲ្យវិស័យសុខាភិបាលសាធារណៈកាន់តែប្រសើរ។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យ ថែទាំ ព្យាបាល ជំងឺភ្នែកមានការពេញចិត្ត ដោយសារមានគ្រូពេទ្យទទួលរួសរាយរាក់ទាក់ យកចិត្តទុកដាក់ជាមួយអ្នកជំងឺ កន្លែងស្នាក់នៅស្អាត បន្ទប់ធ្វើការគ្រូពេទ្យ រៀបចំស្អាត អនាម័យ ឧបករណ៍ថ្មីៗជាច្រើនទាំងនេះបានធ្វើឲ្យអ្នកជំងឺ សប្បាយចិត្ត ហើយបានណែនាំដល់អ្នកដ៏ទៃជាច្រើនឲ្យមកទទួលសេវានៅទីនេះ។

បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរពេទ្យ ផ្នែកជំងឺភ្នែក មានកំណើនអ្នកជំងឺមកពិនិត្យ ព្យាបាល មានការកើនឡើង ជាង១០០ភាគរយរៀងរាល់ឆ្នាំ។ ក្នុងន័យនេះ សូមលើកទឹកចិត្ត ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សូមប្រញាប់មកធ្វើការពិនិត្យ ព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងការទិញថ្នាំប្រើដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ ដែលនាំឲ្យជំងឺកាន់តែធ្ងន់ទៅៗ មិនអាចព្យាបាលបាន៕