(កំពង់ធំ)៖ លោក តាន់ ម៉េងឆិះ អភិបាលរងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរឃុំ និងសហគមន៍សូមបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ទុកសម្រាប់មនុស្សជំនាន់ក្រោយ និងបានជំរុញឱ្យរួមគ្នាផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានសេវាមួយល្អ ស្របច្បាប់ ចៀសវាងការចាញ់បោកពីជនបោកប្រាស់។

លោកអភិបាលរងស្រុកថ្លែងដូច្នេះគឺក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់និងបញ្ហារបស់សហគមន៍ និងស្វែងរកដំណោះស្រាយនៅក្នុងមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅសាលាស្រុកសណ្តាន់។ កម្មវិធីនេះមានការចូលរួមពីក្រុមប្រឹក្សាស្រុកអាជ្ញាធរឃុំ កងកម្លាំងសមត្ថកិច្ច តំណាងសហគម៍ក្នុងស្រុកសណ្តាន់។

លោក អែម ប៉ូលី តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានថ្លែងថា API ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់កម្ពុជា ដែលសកម្មក្នុងការតស៊ូមតិការជះឥទ្ធិពលនយោបាយ អភិបាលកិច្ចល្អ និងការចូលរួមរបស់ពលរដ្ឋ។ ការកសាងសមត្ថភាព និងការសម្របសម្រួលកិច្ចសន្ទនា គឺជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ API ឆ្ពោះទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបន្តថា កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាពក្នុងអភិបាលកិច្ចមូលដ្ឋាន សំដៅធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងការទទួលបានព័ត៌មានស្តីពីថវិកាលទ្ធកម្ម និងសម្បទានដីសេដ្ឋកិច្ចការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

តំណាងអង្គការ API រូបនេះ បានបង្ហាញពីហ្វេសប៊ុក «ពិដោរអ្នកភូមិឆ្លាតវៃ» និងទទួលមតិពលរដ្ឋពីសេវាច្រកចេញចូលតែមួយ និងផ្តល់ឱកាសដល់តំណាងអង្គការសហគមន៍មូលដ្ឋានដើម្បីតាមដានបញ្ហាមុនៗ និងលើកបញ្ហាដែលកើតឡើងថ្មីៗដល់កិច្ចប្រជុំជាមួយក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការស្វែងរកដោះស្រាយបញ្ហារួមគ្នា និងធ្វើផែនការបន្ត។

តំណាងព្រៃសហគមន៍ក្បាលខ្លាបានលើកឡើងពីបញ្ញាប្រឈមថា ការរុករានព្រៃរបស់ប្រជាពលរដ្ឋកាប់ឆ្ការដើម្បីយកដីអាស្រ័យផល ហើយកម្លាំងការពាររបស់សហគមន៍មានគ្នាតិច និងខ្វះថវិកាចុះល្បាត។ តំណាងសហគមន៍ស្ករក្រូចថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិតពិសេសនៅតែមានការរុករានកាប់ឆ្ការព្រៃដើម្បីយកដី ក្នុងនោះលោកបានសំណូមពរដល់អាជ្ញាធរជួយចូលរួមទប់ស្កាត់ការកាប់ព្រៃរបស់ប្រជាពលរដ្ឋ។
តំណាងសហគមន៍អូរធ្នង់លើកឡើងពីបញ្ញាប្រឈមថាការរុករានព្រៃរបស់ប្រជាពលរដ្ឋកាប់ឆ្ការ ដើម្បីយកដីអាស្រ័យផល ការដាក់អន្ទាក់ និងអ្នកបរបាញ់សត្វធ្វើជាម្ហូបអាហារ។

ចំណែកសហគមន៍បឹងចាងបឹងប្រាំង បានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់គាត់ គឺមានការបម្រែបម្រួលអាកាសធាតុផង ប្រជាពលរដ្ឋបានបូមទឹកក្នុងបឹងធ្វើស្រែប្រាំងជាច្រើនហិកតា ធ្វើឲ្យគោករាក់បាត់បង់ពូជត្រីនិងជីវចម្រុះផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អភិរក្សរបស់សហគមន៍ ដូច្នេះស្នើសុំដល់រដ្ឋបាលស្រុកជួយសម្របសម្រួលនឹងជួយដោះស្រាយជូនដល់សហគមន៍របស់ពួកគាត់ផង។

លោក តាន់ ម៉េងឆិះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។

លោកអភិបាលរងស្រុកបានសំណូមពរដល់អាជ្ញាធរភូមិឃុំ និងសហគមន៍ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជគរបស់សហគមន៍ដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការជាមួយសហគមន៍ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ។

លោក តាន់ ម៉េងឆិះ បានជំរុញឱ្យអាជ្ញាធរឃុំ និងសហគមន៍រួមគ្នាផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយដល់ប្រជាពលរដ្ឋនៅដល់មូលដ្ឋាន ដើម្បីទទួលបាននូវសេវាមួយល្អ ស្របច្បាប់ចៀសវាងការចាញ់បោកពីជនបោកប្រាស់ និងជំរុញឲ្យអង្គការដៃគូ ពង្រឹងសមត្ថភាពដល់អាជ្ញាធរពីការប្រើប្រាស់ហ្វេសប៊ុក «ពិដោរអ្នកភូមិឆ្លាតវៃ» ដល់សមាជិកសហគមន៍បន្ថែមទៀត៕