(សៀមរាប)៖ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពគ្រួសារខ្វះខាត និងគ្រួសារងាយរងហានីភ័យ ឱ្យពួកគាត់មកចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដើម្បីឱ្យពួកគាត់មានជំនាញពិតប្រាកដ អាចផ្គត់ផ្គង់ជីវភាពបានប្រសើរ ដូចពាក្យស្លោកថា «មនុស្សម្នាក់ត្រូវមានជំនាញមួយប្រចាំជីវិត»។

រដ្ឋលេខាធិការក្រសួងការងារជំរុញយ៉ាងដូច្នេះធ្វើឡើងក្នុងកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពសិក្ខាកាមចំនួន១៣៧នាក់
ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ​ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​១.៥លាននាក់ ក្រោយសិក្សាអស់រយៈពេលបួនខែកន្លងមក នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប​ នៅថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ២០២៤​។

លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បាន​លើកឡើងថា សិក្ខាកាមដែលបានធ្វើតេស្ដបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយនេះ C1 មានចំនួន១៣៧នាក់។ ក្នុងនោះដែរមាន៥មុខជំនាញ រួមមាន៖ ការតណ្ដាញអគ្គិសនី សេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់ ជំនាញការរចនាក្វ្រាហ្វិកដោយកុំព្យូទ័រ ជំនាញសំអាងកាយ ជំនាញជំនួយការចុងភៅ ដែលសិក្ខាកាមបានសិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ បានចាប់ផ្ដើមរៀនកាលពីថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៤​កន្លងមកនេះ​ បានឈានដល់ថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលអស់រយៈពេល៤ខែ ដែលការសិក្សាមានទាំងទ្រឹស្ដី ការអនុវត្ដ និងចុះកម្មសិក្សា ទាំងការបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ក្នុងក្រុងសៀមរាប និងនៅក្រុងរុនតាឯកតេជោសែន។

លោករដ្ឋលេខាធិការ ប៉ុក ប៉ាន់ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ទៅតាមគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺបានគោរពទៅតាមអភិក្រមចំនួន៣៖ រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារធ្វើ ដែលមកដល់ថ្ងៃប្រលងបញ្ចប់នេះ គឺសិក្ខាកាមបានអនុវត្ដតស៊ូរៀនសូត្របានពីរហើយ គឺរៀនបានចប់ រៀនបានចេះ នឹងបន្ដឱ្យមានការងារធ្វើក្រោយពីធ្វើតេស្តវាយតម្លៃសមត្ថភាពនាថ្ងៃនេះ។

លោក ប៉ុក ប៉ាន់ បានបន្តថា ចំពោះការសិក្សាទៅលើជំនាញ C1 នេះ គឺពិតជាបានជួយចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើសម្រាប់ជួយជីវភាពគ្រួសារខ្លាំងណាស់។ ជាមួយគ្នានេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យបានទទួលប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេលមួយ៤ផងដែរ

សូមបញ្ជាក់ថា ផែនការបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រនិងរងហានីភ័យចំនួន១.៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានទទួលចុះឈ្មោះយុវជនក្រីក្រ និងគ្រួសាររងហារនីភ័យ ជំហានទី១ បានជាង៣៤០នាក់ និងការទទួលឱ្យចូលរៀនជំហានទី២ នឹងត្រូវចាប់ផ្ដើមចូលរៀននៅដើមខែមិថុនា​ ឆ្នាំ២០២៤ ខាងមុខនេះ៕