(ភ្នំពេញ)៖ សមយុទ្ធនាគមាសឆ្នាំ២០២៤ ដែលសមយុទ្ធលើកទី៦រវាងកងទ័ពកម្ពុជា និង​ចិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះហើយ។ សម​យុទ្ធនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេលប្រមាណ១៤ថ្ងៃ ដោយចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា។

សមយុទ្ធរបស់កងទ័ពកម្ពុជា និងចិនឆ្នាំ២០២៤នេះ មានកងកម្លាំងចូលរួមសរុបជាង ២ពាន់​​នាក់ កងយោធពលខេមរភូមិន្ទ ១,៣១៥នាក់ កងទ័ពរំដោះប្រជាជនចិន ៧៦០​នាក់​ អមដោយសព្វាវុធទំនើបៗ មានរថយន្តប្រយុទ្ធ រថពាសដែក​ដែលបំពាក់សព្វា​វុធ​កម្រិតធ្ងន់ផងដែរ។ បន្ថែមពីលើនោះ ការធ្វើសមយុទ្ធនៅឆ្នាំនេះ ក៏មានលាយបញ្ចូល​ជា​មួយប្រព័ន្ធបច្ចេកវិទ្យាមានដូចជាដ្រូនបំពាក់អាវុធ និងឆ្កែរ៉ូបូតបំពាក់អាវុធ ជាជំនួយក្នុង​ប្រតិ​បត្តិការ។

សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ក៏ត្រូវបានពង្រីកប្រតិបត្តិការរបស់ខ្លួនលើសពីឆ្នាំ​កន្លង​​ទៅ ដោយបន្ថែមការធ្វើសមយុទ្ធលើលំហសមុទ្ររវាងកងទ័ពជើងទឹករបស់កម្ពុជា និង​ចិន​​ផងដែរ។

សម្រាប់ប្រធានបទនៃការធ្វើសមយុទ្ធនៅឆ្នាំនេះមានខុសពីឆ្នាំទៅនោះទេ គឺការប្រយុទ្ធ​ប្រឆាំងនឹងអំពើភេរវកម្ម ការរំដោះចំណាប់ខ្មាំងពីការចាប់ជំរិត។ អំពើភេរវកម្ម និងការ​ចាប់​​ជំរិត គឺជាក្តីបារម្ភរួមមួយរបស់ពិភពលោកនាពេលបច្ចុប្បន្ន ហើយតែងលើកយក​មក​​ជជែក និងដាក់ចេញនូវកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង។

ក្នុងដំណើរចុះពិនិត្យការធ្វើសមយុទ្ធនៅភ្នំជុំសែនរីករាយនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ​នៃកង​យោ​ធ​​​ពល​ខេមរភូមិន្ទ និងជាប្រធានគណៈប្រធានកម្មការលំហាត់ និងធ្វើសមយុទ្ធ​ជា​មួយ​បណ្ដាប្រទេសជាមិត្ត បានហៅលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិន ជាស្មារតី​នៃកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ជាស្មារតីរបស់រាជរដ្ឋា​ភិ​បាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ រីករាយជានិច្ចក្នុងការធ្វើ​លំ​ហាត់​សមយុទ្ធជាមួយប្រទេសជាមិត្ត ដោយឈរលើបុព្វហេតុប្រយុទ្ធ​ប្រឆាំងអំពើ​ភេរ​វកម្ម និងឆ្លើយតបគ្រោះមហន្តរាយ។

សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពកម្ពុជា និងចិន ក៏ទទួលបាន​ការវាយតម្លៃ​ខ្ពស់ផងដែរពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទាំងសមយុទ្ធលើលំហសមុទ្រ និងសមយុទ្ធជើងគោកនៅភ្នំជុំសែនរីករាយ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៤ ក្រោមប្រធានបទ​រំដោះចំណាប់​ខ្មាំង​ពី​ក្រុមភេរវករ កងទ័ពកម្ពុជា និងចិន បានឯកភាព​រួម​គ្នាតាក់តែងសាច់រឿងថា មានក្រុម​ភេរ​វករ​មួយក្រុម បានចាប់ជំរិតនាវាដឹកទំនិញលើ​ដែនសមុទ្រកម្ពុជា។ បន្ទាប់ពីការ​ប្រតិ​បត្តិ​ការបង្ក្រាបការចាប់ជំរិតនាវាលើលំហសមុទ្រ និងរំដោះបានចំណាប់ខ្មាំងហើយ​នោះ គេក៏បន្តរកឃើញជម្រករបស់ភេរវករហើយក៏​ឈាន​ទៅបើកប្រតិ​បត្តិការបង្ក្រាបបន្ត។

ឈុតឆាកបង្ក្រាបជម្រករបស់ភេរវករ ដែលរៀបចំឡើងនៅឯទីលានហ្វឹកហាត់ភ្នំជុំសែន​រីករាយ មានការរៀបចំឈុតឆាកជាច្រើនរួមមានការស៊ើបអង្កេតរកជម្រកភេរវករ ការចរចា ប្រតិបត្តិការប្រយុទ្ធជាមួយភេរវករ ការរំដោះ និងសង្គ្រោះចំណាប់ខ្មាំងជាដើម។ ក្នុងសមយុទ្ធបានបង្ហាញនូវការបាញ់គ្រាប់ពិតជាច្រើនគ្រាប់ផងដែរ៕