(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៤៦រូប។

ក្នុងនោះដំឡើងឋានន្តរស័ក្កិចំនួន១៥រូប មានថ្នាក់អនុសេនីយ៍ឯក ចំនួន៦រូប, ថ្នាក់អនុសេនីយ៍ទោចំនួន៥រូប។ នាយឯកចំនួន៤រូប។ ដំឡើងឋានន្តរស័ក្កិ និងផ្លាស់ភារកិច្ច ២៦នាក់ រួមមាន៖ ថ្នាក់អនុសេនីយ៍ឯកចំនួន១៦រូប, ថ្នាក់អនុសេនីយ៍ត្រី ចំនួន១រូប, ថ្នាក់អនុសេនីយ៍ទោចំនួន៦រូប និងផ្ទេរភារកិច្ចចំនួន៥រូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង ស្រុក ទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធហត្ថចូលរួមសរុបចំនួន២៣៣នាក់។ ពិធីនេះប្រារព្ធឡើងធ្វើនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរកងកម្លាំងកងរាជអាវុធហត្ថទាំងឣស់ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ។

ក្នុងស្មារតីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ស្នើឱ្យកងកម្លាំងកងរាជអាវុធហត្ថទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រ ត្រូវរួមគ្នាការពារសន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្ធផ្សាយសេចក្ដីណែនាំនាយឧត្ដមសេនីយ៍ វង្ស ពិសេន ឣគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ​ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថផងដែរ៕