(សៀមរាប)៖ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានប្រជាពលរដ្ឋ ដែលមានជីវភាពគ្រួសារខ្វះខាត និងគ្រួសារងាយរងហានីភ័យ ឱ្យពួកគាត់ចូលរៀននូវជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានជំនាញមួយពិតប្រាកដអាចផ្គត់ផ្គង់ជីវភាពបានប្រសើរ ដូចពាក្យស្លោកថា «មនុស្សម្នាក់ត្រូវមានជំនាញមួយប្រចាំជីវិត»

លោក ប៉ុក ប៉ាន់ បានជំរុញយ៉ាងដូចនេះ នៅថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ២០២៤​ ក្នុងកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពសិក្ខាកាមចំនួន ១៣៧នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល​ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវ:ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ សិក្សាអស់រយ:ពេលបួនខែកន្លងមក នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប​។ 

លោក ប៉ុក ប៉ាន់ បានបន្តថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺបានគោរពទៅតាមអភិក្រមចំនួន៣ រួមមាន៖ រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារធ្វើ ដែលមកដល់ថ្ងៃប្រលងបញ្ចប់នេះ គឺសិក្ខាកាមបានអនុវត្ដតស៊ូរៀនសូត្របានពីរហើយ គឺរៀនបានចប់ រៀនបានចេះ នឹងបន្ដឱ្យមានការងារធ្វើក្រោយពីធ្វេីតេស្តវាយតម្លៃសមត្ថភាពនាថ្ងៃនេះ។

លោក ប៉ុក ប៉ាន់ បានបន្តទៀតថា ចំពោះការសិក្សាទៅលើជំនាញC1 (1,5M)នេះ គឺពិតជាបានជួយចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើសម្រាប់ជួយជីវភាពគ្រួសារខ្លាំងណាស់។

បើតាមលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប បាន​លើកឡើងថា សិក្ខាកាមដែលបានធ្វើតេស្ដបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមួយនេះC1(1,5M) មានចំនួន១៣៧នាក់។

ក្នុងនោះដែរមាន៥មុខជំនាញរួមមាន៖ ការតណ្ដាញអគ្គិសនី សេវាកម្មបរិក្ខាម៉ាស៊ីនត្រជាក់ ជំនាញការរចនាក្វ្រាហ្វិកដោយកុំព្យូទ័រ ជំនាញសំអាងកាយ ជំនាញជំនួយការចុងភៅ ដែលប្អូនៗបានសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ បានចាប់ផ្ដើមរៀនកាលពីថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៤​កន្លងមកនេះ​ បានឈានដល់ថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាលអស់រយៈពេល ៤ខែ ដែលការសិក្សាមានទាំងទ្រឹស្ដី ការអនុវត្ដ និងចុះកម្មសិក្សាទាំងការបណ្តុះបណ្តាល នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ក្នុងក្រុងសៀមរាប និងនៅក្រុងរុនតាឯកតេជោសែន។

សូមបញ្ជាក់ថា ផែនការបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និងរងហានីភ័យចំនួន ១.៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានទទួលចុះឈ្មោះ យុវជនក្រីក្រ និងគ្រួសាររងហារនីភ័យ ជំហ៊ានទី១ បានជាង៣៤០នាក់ និងការទទួលឱ្យចូលរៀនជំហ៊ានទី២ នឹងត្រូវចាប់ផ្ដើមចូលរៀននៅដើមខែមិថុនាឆ្នាំ២០២៤ខាងមុខនេះ។

ជាមួយគ្នានេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យ បានទទួលប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេល៤ខែ នៃការសិក្សានេះផងដែរ៕