(ឡាវ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថាដូចកម្មវិធីគ្រោងទុកកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ប្រទេសហត្ថលេខី អនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ១៩៩៣ នៃមហាអនុតំបន់ទន្លេមេគង្គ បានបើកកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកខាំគីង ភួយឡាមុនីវង់ (Khamking Phuilamanyvong) អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ និងលោកម៉ាស៊ូដ ការីមីពួរ (Masood Karimipour ) តំណាងអង្គការ UNODC ប្រចាំតំបន់ និងអាស៊ីប៉ាស៊ីហ្វិច ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿញៀន នៃប្រទេសហត្ថលេខីនៃអនុតំបន់ទន្លេមេគង្គចំនួន ៦មាន៖ កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម សរុបចំនួន៦០នាក់។

ឧត្តមសេនីយ៍ នាក់ យុទ្ធា បានជម្រាបបន្ថែមថា កិច្ចប្រជុំនឹងធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃ លើស្ថានភាពគ្រឿងញៀនបច្ចុប្បន្ននៅក្នុងតំបន់, ការអនុវត្តផែនការសកម្មភាពអនុតំបន់ XII និងទិសដៅ និងកិច្ចការសហការបន្ត៕