(ស្វាយរៀង)៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៩,៣៤៩ប័ណ្ណ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ត្រាចនិងឃុំជ្រៃធំ ស្រុករមាសហែក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ទោះបីជាតំបន់កន្លែងផ្នូរខ្មោច ក៏ត្រូវតែចុះបញ្ជីកម្មសិទ្ធិដីធ្លីជាសម្បត្តិសហគមន៍ដែរ ដើម្បីកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ដថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការស្វែងរកសេវាសាធារណៈ ហើយពុំចំណាយពេលយូរ។ ក្នុងនោះ ក្រសួងដែនដី កំពុងតែធ្វើការកំណែទម្រង់ ដើម្បីឲ្យប្រជាពលរដ្ឋស្វែងរកព័ត៌មាន ដែលទាក់ទងទៅនឹងវិស័យដីធ្លីនៅតាមគេហទំព័រក្រសួងដែនដី ដោយគ្រាន់តែពលរដ្ឋម្នាក់ មានទូរស័ព្ទមួយគ្រឿងអាចធ្វើកិច្ចការងារជាមួយក្រសួងបាន។
ឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការចុះបញ្ជីដីធ្លី ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីដោយស្របច្បាប់ ព្រោះថាការចុះបញ្ជីដីធ្លី និងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាវិធីតែមួយគត់ដែលម្ចាស់ដីអាចទទួលបានសិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ និងទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។
លើសពីនេះ ប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ដោយមិនមានការភ័យខ្លាចពីការរំលោភបំពាន ឬការដកហូតពីអ្នកដទៃផងដែរ៕