(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កង្វះការយកចិត្តទុកដាក់តាមដានពីគ្រួសារ កង្វះការអប់រំ រួមផ្សំនឹងបញ្ហាគ្រឿងស្រវឹង និងថ្នាំញៀន ជាកត្តារួមផ្សំនាំឱ្យកុមារក្លាយជាក្មេងទំនើង។

មួយរយៈចុងក្រោយនេះ សកម្មភាពក្មេងទំនើងវាយកាប់ចាក់នៅតាមទីសាធារណៈ ដែលមានទាំងបងតូចបងធំ និងបង្កើតជាក្រុមជាបក្ខពួក ហាក់កក្រើកឡើងវិញ ជាពិសេសនៅតាមបណ្តាខេត្តសំខាន់ៗ។ ករណីនេះ បានធ្វើឲ្យសមត្ថកិច្ច បើកការបង្ក្រាបជាបន្តបន្ទាប់។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា៖ «ក្មេងទំនើងនេះអាចកើតឡើងដោយសារកត្តាច្រើន ទី១ គឺឪពុកម្ដាយ ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ខ្ពស់តាមដានពីសកម្មភាពរបស់កូន ហើយទី២នោះ ការអប់រំសីលធម៌នៅក្នុងសាលារៀនអាចថានៅមានកម្រិតនៅឡើយ សម្រាប់ទី៣ គឺអាចរួមផ្សំពីឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ដោយក្មេងឥឡូវនៅតូចទេ តែគាត់ឆាប់ប្រឡូកជាមួយគ្រឿងស្រវឹង គ្រឿងញៀនណាស់ ជួនកាលចន្លោះពេលដែលនេះគាត់ចេញពីសាលាមកផ្ទះឬពីផ្ទះទៅសាលាហ្នឹង ឬក៏ពេលដើរលេងណាខ្លះគាត់ប្រមូលផ្ដុំគ្នាស៊ីផឹក គ្រឿងញៀនជាដើម»

តាមការសង្កេតឃើញរបស់លោកបណ្ឌិត គឺថាឪពុកម្ដាយឬអាណាព្យបាល សាលារៀន និងអាជ្ញាធរមានសមត្ថកិច្ច មិនទាន់សហការជាមួយគ្នាយ៉ាងស្អិតរមួតនៅឡើយទេ ដែលជាចន្លោះប្រហោងមួយដែរ សម្រាប់ភាពទំនើងរបស់ក្មេងៗ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «លើសតែពីនេះ អាចមានកត្តាជះឥទ្ធិពលផ្សេងៗទៀត ដែលជាគំរូអាក្រក់ក្នុងសង្គមជាក់ស្ដែង ក៏ដូចជាក្នុងបណ្ដាញសង្គម មានដូចជាគំរូហិង្សា ការជេរប្រមាថ ដែលមានបងប្អូនខ្លះ គ្រួសារខ្លះមានរឿងតិចតួចក៏យកទៅបង្ហាញលើបណ្ដាញសង្គម អីចឹងក្មេងគឺងាយនឹងទទួលរងឥទ្ធិពលអាក្រក់នេះ ពេលខ្លះពួកគាត់ថាផលិតរឿងអប់រំ ប៉ុន្តែមុននឹងដល់កន្លែងដែលអប់រំហ្នឹង ចេញដំបូងគឺការចាប់រំលោភ ការកាប់ចាក់គ្នាច្រើនក្នុងបណ្ដាញសង្គមហ្នឹង»

ចំពោះវិធានការកន្លងមក លោកគិតថានៅមិនទាន់ធ្វើឱ្យក្មេងទំនើងទាំងនោះរាងចាលនោះទេ បើប្រៀបធៀបទៅឃើញថា ភាពទំនើងនៅក្រាស់ក្រែល ហើយការអប់រំរយៈពេលខ្លីមិនអាចបញ្ឈប់ភាពទំនើងបានទេ ហើយឈានដល់់ការចងក្រងជាឈ្មោះក្រុម មានមេមានកូនចៅ ដែលនេះជាចំណុចមួយគួរឱ្យបារម្ភមែនទែន។

លោកបានគាំទ្រចំពោះវិធានការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាដល់មន្ត្រីទាំងអស់ចាត់វិធានការក្ដៅកុំឱ្យមានការលើកលែង ហើយអ្នកដែលមានទោសត្រូវផ្តន្ទាទោសទៅតាមច្បាប់។ លោកគិតថានេះជាវិធានការមួយដ៏ល្អ និងតឹងតែង ប៉ុន្តែជាគំនិតរបស់លោក គួរតែពង្រឹងបន្ថែមចំពោះវិន័យក្នុងគ្រួសារ វិន័យក្នុងសាលារៀន និងពង្រឹងការត្រួតរពិនិត្យរបស់សមត្ថកិច្ច ជាពិសេសនៅពេលចន្លោះម៉ោងដែលក្មេងចេញពីសាលារៀន។

លោកបណ្ឌិត យល់ថាគួរតែមានមជ្ឈមណ្ឌលពិសេសមួយដាច់ដោយឡែកពីមជ្ឈមណ្ឌលស្តារនីតិសម្បទា ដែលពិសេសជាងសាលារៀន ល្អជាងពន្ធនាគារ សម្រាប់ក្មេងទំនើងដែលមិនទាន់ប្រព្រឹត្តសកម្មភាពធ្ងន់ធ្ងរណាមួយ ហើយក៏មានកត្តារួមផ្សំចំពោះគ្រឿងស្រវឹង គ្រឿងញៀន ដើម្បីកុំឱ្យយុវជនងាយទទួលរងឥទ្ធិពលអវិជ្ជមានទាំងនេះ។

កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕