(ក្រចេះ)៖ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តក្រចេះ ដឹកនាំដោយលោក គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្ត និងលោក អ៊ួង ប៊ុនហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះពិនិត្យទប់ស្កាត់ និងបង្រ្កាបការធ្វើអាជីវកម្ម រ៉ែមាសអាណាធិបតេយ្យ នៅក្នុងចំណុចថ្មពួយភ្នំជី តំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

ប្រតិបត្តិការនេះ ធ្វើឡើងនារសៀលទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមការងារចម្រុះ ចុះដល់ទីតាំងពិនិត្យឃើញថា នៅក្នុងភូមិសាស្ត្រតំបន់ដែន ជម្រកសត្វព្រៃ-ព្រៃឡង់ មានលួចធ្វើការអាជីវកម្មរ៉ែមាស អនាធិតេយ្យ នាពេលកន្លងទៅ តែបច្ចុប្បន្នមិនមានសកម្មភាពនោះទេ ដែលមានអណ្ដូងរ៉ែចំនួន៣អណ្តូង ប្រើគីបបំផ្ទុះបំបែកថ្ម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ យ៉ាងណាក៏ដោយស្មាត់កាត់ចម្រុះ ក៏បានចុះរុះរើរោងស្នាក់នៅ និងលុបរណ្តៅទាំងនោះ និងបានរឹបអូសយកវត្ថុតាងផ្សេងទៀត ទៅរក្សាទុកបណ្តោះអាសន្ន។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រុមការងារកំពុងបន្តស្រាវជ្រាវ និងកំណត់ចាប់មុខសញ្ញា ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ និងបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ សូមបញ្ឃប់ជាបន្ទាន់ កាកាប់ទន្រ្ទានយកដីព្រៃតំបន់អភិរក្សសត្វព្រៃ ជាពិសេសហាមចូលជីកយករ៉ែ ធ្វើអាជីវកម្មអាណាធិបតេយ្យបែបនេះ។

សូមបញ្ជាក់ថា ទីតាំងដីដែលប្រជាពលរដ្ឋ ចូលប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិតេយ្យនេះ ស្ថិតក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន Late Cheng Mining Development Co., Ltd ដែលកំពុងដំណើរការសិក្សា ស្រាវជ្រាវរ៉ែលោហៈ៕