(ព្រះវិហារ)៖ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន១០លានរៀល និងថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៣០លានរៀល និងថវិការបស់សប្បុរសជនមួយចំនួនទៀត ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយក ទៅប្រគល់ជូនគ្រួសារសព ក្រុមប្រឹក្សាឃុំរដោះស្រែ ស្រុកជាំក្សាន្ត ដែលបានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះមីន ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡុង។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ចូលរួមលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនភរិយា កូនចៅ និងក្រុមគ្រួសារ ចំពោះមរណៈលោក ថោង ចន ក្រុមប្រឹក្សាឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដោយសារផ្ទុះមីនតោន ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡុង នៅចំណុចភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះវិហារ លោក គីម រិទ្ធី ក៏បានថ្លែងនូវការចូលរួមសោកស្តាយ យ៉ាងអាឡោះអាល័យបំផុត ជាមួយនឹងក្រុមគ្រួសារសព លោក ថោង ចន ក្រុមប្រឹក្សាឃុំរដោះស្រែ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង។

ក្រៅពីនាំថវិការបស់សម្តេចតេជោ ហ៊ុន សែន និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសព លោក គីម រិទ្ធី ក៏បាននាំថវិកាលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ចំនួន៤លានរៀល និងថវិការបស់លោកចំនួន៤លានរៀលទៀត ប្រគល់ជូនក្រុមគ្រួសារសពដើម្បីចូលរួមរមលែកទុក្ខផងដែរ៕