(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់ខ្លួនជនល្មើស ៤នាក់ (ជនជាតិខ្មែរម្នាក់ និងថៃ ៣នាក់) រឹបអូសថ្នាំញៀនជាង ២៥៤គីឡូក្រាម ខេត្តស្ទឹងត្រែង។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងឱកាសធ្វើការបង្ហាញមុខជនល្មើស នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទីព្រឹក ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ស្ថិតនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សម្រាប់លទ្ធផលកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ៤នាក់ ក្នុងនោះមានជនជាតិថៃ ៣នាក់ និងជនជាតិខ្មែរ១នាក់)រួមមាន៖ ១.ឈ្មោះ អ៊ាប សុខឃឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ គ្រីបប្រាឆាយា ភរ៉ាសក្តិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សែចាំង ប្រាវីត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិថៃ និង៤.ឈ្មោះ វង្ស ប៊ុនឆៃលើត ធារ៉ាឆៃ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ។

ចំណែកវត្ថុតាងចាប់យករួមមាន៖ ១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ២២២៩០០ ក្រាម និង២. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៣១៨០៨ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ២៥៤៧០៨ក្រាម (២៥៤គីឡូ ៧០៨ក្រាម) និងសម្ភារៈចាប់យករួមមាន៖ ១.រថយន្តចំនួន ០៤គ្រឿង, ២.ទូរស័ព្ទដៃចំនួន ១២គ្រឿង, ៣.វិទ្យុទាក់ទងចំនួន ៣គ្រឿង គ្រាប់បែកដៃចំនួន ២គ្រាប់ និង៤.លុយបាត និងលុយដុល្លារមួយចំនួន។

ឧត្ដមសេនីយ៍ឯកបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេល ២ថ្ងៃ និង២យប់ ដើម្បីធ្វើការស្រាវជ្រាវ ឃ្លាំងមើល និងស្ទាក់ចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ ដោយក្នុងនោះសមត្ថកិច្ចក៏បានផ្ទុះអាវុធ ដោយបាញ់បំបែកបង់រថយន្តរបស់ក្រុមជនសង្ស័យ ទើបអាចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងមួយចំនួនទៀតបានរត់គេចខ្លួន តែយ៉ាងណាកងកម្លាំងបានស្គាល់មុខសញ្ញានេះហើយ និងបន្តចាប់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននេះ ពួកគេគ្រោងដឹកចេញទៅកាន់ប្រទេសវៀតណាម និងថៃជាដើម។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេល ២សប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំចំនួន ២ករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕