(ភ្នំពេញ)៖ លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បង្ហាញបំណងចង់​ឃើញ​វត្ត​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូល​រួម​ក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលរៀបចំឡើងនៅប្រទេសស្វីស នាខែមិថុនា ឆ្នាំ២០២៤។

បំណងនេះត្រូវបានលោកប្រធានសភាអ៊ុយក្រែន លើកឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូ​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

ចំពោះសំណើខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានទុកលទ្ធភាពជូនសម្តេច​ធិបតី ហ៊ុន ម៉ាណែត ជាអ្នកសម្រេចដោយផ្ទាល់។

ពាក់ព័ន្ធកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈរបស់សម្តេចថា ដើម្បីឱ្យកិច្ចប្រជុំកំពូលនេះ មានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។

ក្នុងជំនួបនេះសម្តេចតេជោ ក៏បានបញ្ជាក់ពីសមាសភាពនៃការចូលរួមសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលធ្វើនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១១-១២ ខែមិថុនាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ដោយសារកិច្ចការរវល់ច្រើនក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជាជាអ្នកចូលរួម។

សូមបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលស្វីស នឹងបើកកិច្ចប្រជុំកំពូលពិសេសមួយស្តីពីសន្តិភាពនៅប្រទេសអ៊ុយក្រែន។ បើតាមការប្រកាសរបស់រដ្ឋាភិបាលស្វីស មានមេដឹកនាំប្រទេសជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានទាំងប្រធានាធិបតីអាមេរិក ប្រធានាធិបតីចិន ប៉ុន្តែមិនមានវត្តមានប្រធានាធិបតីរុស្ស៉ីនោះឡើយ៕