(ភ្នំពេញ)៖ សមយុទ្ធកងទ័ពជើងទឹក លើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ សមយុទ្ធនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។

សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើកដំបូងរវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងរយៈពេល ១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News សម្រាប់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមើលឃើញថា សមយុទ្ធលើលំហសមុទ្រមួយនេះ គឺជាការពង្រឹងសមត្ថភាពទ័ពជើងទឹកកម្ពុជា មិនមែនពង្រឹងអំណាចទ័ពចិនឡើយ។

លោក ពុយ គា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក់ហើយថា យើងដើរមិនដល់ហ្នឹងទេ។ ពង្រឹងដើម្បីយកទៅទប់ទល់អី តំបន់ និងពិភពលោក អត់ទេ តែសំខាន់បំផុតយើងដល់ពេលដែលត្រូវការពារខ្លួនបានហើយ ទាំងតូច និងមធ្យម [...] ខ្ញុំគិតថា យើងពង្រឹងថែមទៀត (ទើបល្អ)»។

បើតាមលោក ពុយ គា ការធ្វើសមយុទ្ធកងទ័ពជើងទឹក លើកដំបូង ជាមួយចិន ដោយសារកន្លងមក កម្ពុជាមានទំនាក់ទំនងជាមួយចិន ហើយសម្ភារៈដែលត្រូវការក៏ទិញពីចិនដែរ ហេតុដូច្នេះការធ្វើសមយុទ្ធទាមទារការប្រើប្រាស់សម្ភារៈរបស់ចិន។ គេមិនអាចទិញសម្ភារៈរបស់ចិន ប្រើប្រាស់សម្ភារៈចិន ទៅធ្វើសមយុទ្ធជាមួយប្រទេសផ្សេងទេ។

លោក ពុយ គា ក៏បានលើកឡើងពីទស្សនៈមិនល្អរបស់លោកខាងលិច និងអាមេរិកផងដែរ។

លោកថ្លែងថា «ចំពោះសហរដ្ឋអាមេរិក នយោបាយលោក ចូ បៃដិន តាំងពីគាត់ឡើងមក ប្រើនយោបាយហ៊ុមព័ទ្ធចិន អីចឹងប៉ុន្មានឆ្នាំចុងក្រោយនេះគាត់បារម្ភ។ ឮថាចិនមកជួយតំបន់រាម តំបន់កងទ័ពជើងទឹក ដែលខ្មែរថា ត្រូវតែស្តារ និងពង្រឹង បញ្ហារចនាសម្ព័ន្ធកងទ័ពជើងទឹក នៅក្នុងការការពារខ្លួន អត់មាននៅក្នុងបំណងផ្សេងទេ មើលតាមភូមិសាស្ត្រតូចបែបនេះ បើយកជាទីតាំងយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសខាងក្រៅ ដូចជាទៅមិនរួចទេ។ ប៉ុន្តែប្រហែលលោកខាងលិច ប្រហែលអត់បានចូលអង្កេតផ្ទាល់»។

លោក ពុយ គា ដែលបានទៅអង្កេតផ្ទាល់ អះអាងថា សមយុទ្ធនេះ ជាការធ្វើដើម្បីការពារខ្លួន។ ដូចគេឃើញ ពេលមានទូកនេសាទបរទេសចូល បើកម្ពុជាអត់មានសម្ភារៈទំនើប និងអត់ពង្រឹងកងទ័ពជើងទឹក គ្រាន់តែទូកនេសាទធ្វើអត់បានផង វានឹងក្លាយជារឿងច្របូកច្របល់៕