(រតនគិរី)៖ លោក អ៉ីឈីតូម៉ូ តានីណៃ ឧបទូត និងអនុប្រធានបេសកម្មនៃស្ថានទូតជប៉ុន, លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង និងឧបករណ៍គ្រឿងចក្ររបស់សហគមន៍កសិកម្មនៅភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។

ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសមាជិកសហគមន៍កសិកម្មធួយទុំ,ល្អឺនក្រែន,ចាងរ៉ា,លុងឃុងជាច្រើននាក់ផងដែរ។

នាឱកាសនោះលោក ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំយកចិត្តទុកដាក់សហការសម្របសម្រួលរហូតដល់សម្រេចបានការគាំទ្រពីស្ថានទូតជប៉ុន លើគម្រោងជំនួយឥតសំណងគូសាណូណិ (Kusanoe grant project) សម្រាប់សាងសង់ឃ្លាំងទីលានហាល ម៉ាស៊ីនញែកគ្រាប់ស្វាយចន្ទី និងឧបករណ៍វាស់សំណើម ដល់សហគមន៍កសិកម្មចំនួន៤សហគមន៍ ដែលមានទឹកប្រាក់សរុប ២២៤,៥៨៦ដុល្លារអាមេរិក និងការចូលរួមថវិកាចំនួន ៤លានរៀល របស់សហគមន៍សម្រាប់ស្លាក។

លោក ញ៉ែម សំអឿន បន្តថា គម្រោងសាងសង់ឃ្លាំង និងទីវាលសម្រាប់ហាលគ្រាប់ស្វាយចន្ទីចំនួន ៤សហគមន៍ ត្រូវបានបញ្ចប់ជាស្ថាពរ និងបំពាក់នូវម៉ាស៊ីនញែកគ្រាប់ស្វាយចន្ទី និងឧបករណ៍វាស់សំណើម ដោយឃ្លាំងនីមួយៗមានបំពាក់ចំនួន ១គ្រឿង ដែលយើងប្រារព្វពិធីប្រគល់-ទទួល និងដាក់ឲ្យសហគមន៍កសិកម្មប្រើប្រាស់នាពេលនេះ។

នៅក្នុងឱកាសនោះផងដែរលោក ឃឹម ហ្វីណង់ បានឱ្យដឹងដែរថា ទោះបីសហគមន៍កសិកម្មទាំង៤នេះ មានបញ្ហាប្រឈមស្រដៀងគ្នា ដែលរួមមាន៖១៖ កង្វះខាតដើមទុនក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍,២៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកទុករានហាល,៣៖ ប្រព័ន្ធត្រួតពិនិត្យគុណភាព ស្វាយចន្ទី និងទី៤៖ កង្វះខាតនៅម៉ាស៊ីនធ្វើចំណាត់ថ្នាក់គ្រាប់ ដែលជាហេតុធ្វើឲ្យសហគមន៍មិនមានលទ្ធភាព ប្រមូលទិញគ្រាប់ស្វាយចន្ទី មកហាល សំងួត និងស្តុកទុកលក់នៅពេលផុតរដូវកាលប្រមូលគ្រាប់ស្វាយចន្ទី។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា គម្រោងជំនួយឥតសំណងគូសាណូណិ រួមមាន៖ ដើម្បីបង្កើតកន្លែងសម្រាប់ខ្សែសង្វាក់តម្លៃស្វាយចន្ទី ដែលរួមមានឃ្លាំងសម្រាប់ស្តុកទុក រានហាល ម៉ាស៊ីនធ្វើចំណាត់ថ្នាក់គ្រាប់ និងម៉ាស៊ីនវាស់សំណើមគ្រាប់ស្វាយចន្ទី ដើម្បីស្តុកទុក ការត្រួតពិនិត្យគុណភាព និងការផ្សារភ្ជាប់កសិករទៅនឹងរោងចក្រកែច្នៃតាមរយៈយន្តការកសិកម្មតាមកិច្ចសន្យា។ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីការផលិតគ្រាប់ស្វាយចន្ទី និងស្តង់ដារគុណភាពវិញ្ញាបនបត្រសរីរាង្គជាដើម។ ផ្គត់ផ្គង់ធាតុចូលកសិកម្មរួមមាន ជី ថ្នាំ សម្លាប់សមាសភាពចង្រៃ និងថ្នាំសម្លាប់សត្វល្អិតឲ្យស្របតាមស្តង់ដា។ជាលទ្ធផលគម្រោងនេះត្រូវបានអនុម័តដោយស្ថានទូតជប៉ុននៅកម្ពុជា និងបានចុះកិច្ចសន្យានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

គម្រោងជំនួយឥតសំណងគូសាណូណិ ជាគម្រោងជំនួយឥតសំណងដែលបានជួយគាំទ្រសហគមន៍កសិកម្មទាំង៤នេះ ដែលក្នុងសហគមន៍នីមួយៗទទួលបានការកសាងឃ្លាំងស្តុកទុក រានហាល ម៉ាស៊ីនរែងគ្រាប់ ដែលគិតជាទឹកប្រាក់ស្មើនឹង ២២៤,៥៨៦ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តបន្ទាប់ពីការចុះកិច្ចសន្យា ដែលមានរយៈពេលប្រមាណ៤ខែ និងបានបញ្ចប់ដោយលទ្ធផលផ្លែផ្កាឈានដល់ការប្រារព្វកម្មវិធីប្រគល់ទទួល នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

បន្ថែមលើនេះលោកឃឹម ហ្វីណង់បានជំរុញឲ្យសហគមន៍កសិកម្មទាំង៤ នៅខេត្តរតនគិរី ប្រែក្លាយការធ្វើកសិកម្មជាលក្ខណៈគ្រួសារ មកជាការផលិតរួមគ្នាក្រោមរូបភាពកសិកម្មទំនើបផងដែរ៕