(បាត់ដំបង)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកគាស់ក្រឡ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ៥០០នាក់ មកពីឃុំទាំង ៦ទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ ១ មិថុនា។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការយកចិត្តទុកដាក់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិ និងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំង៤ ដែលកុមារត្រូវតែទទួលបានគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។

ទេសរដ្ឋមន្ត្រីបានបន្ថែមថា ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ ពិធីសារបន្ថែមការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ។ សិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកេីតមានទៅបានគឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រី មូលដ្ឋានស្រុកគាស់ក្រឡ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគាស់ក្រឡ៕