(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានឧត្តមសិក្សាគិតគូរបញ្ចូលការអប់រំភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រជូនដល់និស្សិត។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបានអត្ត​សញ្ញាណ​ជាតិ ក៏ដូចជាគុណធម៌ និងសីលធម៌ ដើម្បីតម្កល់តម្លៃរបស់មនុស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយ​ប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅវិមាន​សន្តិ​ភាព នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកបណ្ឌិត ហេង វ៉ាន់ដា បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាព​ការងារ ការចូលរួមសកម្មភាពសង្គម ហើយបានលើកសំណូមពរមួយចំនួនផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមាគមដែលបានខិតខំបំពេញ​បេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាសិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសាស្ត្រាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំង បានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។

សម្ដេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យ​ឯក​ជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមចំណែកយ៉ាង​សកម្ម​ជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និង​ការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំ​គ្រប់​កម្រិត នៅទូទាំងប្រទេសកម្ពុជា ព្រមទាំង ការខិតខំផ្តល់សេវាអប់រំ ប្រកបដោយ​គុណ​ភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុ​វត្ត​គោលនយោបាយ លើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាព​លើការកសាង​មូលធនមនុស្សប្រកបដោយសមត្ថភាព និង សុខភាព ការធ្វើទំនើបកម្ម និងទាញយក​បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់​ក្នុងការ​ចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់​វិស័យ។

ក្នុងឱកាសនេះ សម្ដេចធិបតី ក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការសំខាន់៣ ដូចខាងក្រោម៖

១៖ ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្តុះបណ្តាល​ជំនាញ​ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយ​ក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការ​ងារនៅ​កម្ពុជា។
២៖ ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្ត​យន្តការភាពជា​ដៃ​គូរវាងរដ្ឋ និងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំង​ការដាក់ចេញយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ។
៣៖ បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិ​សាស្ត្រ ព្រោះថា ទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែ​រក្សា​ឱ្យបាននូវអត្តសញ្ញាណជាតិ។

ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដូចខាងក្រោម៖

១៖ ឯកភាពបន្តផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន​ឱ្យរួច​ផុត​ពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដោយអនុវត្តតាមខ្លឹមសារ នៃលិខិត លេខ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាសរួចហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអប់រំ។

២៖ ឯកភាពបន្តពន្យារការអនុវត្តប្រាក់ពិន័យអន្តរកាលរបស់និយ័តករគណនេយ្យ និង សវនកម្ម ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនរួមមាន៖ គ្រឹះស្ថាន​សិក្សា​ត្រូវអនុវត្តកាតព្វកិច្ច កាន់បញ្ជីគណនេយ្យត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករ គណនេយ្យនិងសវនកម្ម ហើយ​គ្រឹះ​ស្ថានសិក្សាគួរមានឆន្ទៈរៀបចំផែនការច្បាស់លាស់ក្នុងការចូលរួម សិក្សា ស្រាវជ្រាវ និង​ចូលរួមការបណ្តុះបណ្តាលស្តង់ដាគណនេយ្យ ដែលរៀបចំដោយនិយ័តករ​គណ​នេយ្យ និង សវនកម្មនិងគ្រឹះស្ថានបណ្តុះបណ្តាលផ្សេងៗទៀតខិតខំជំរុញ​បន្ថែម​សកម្ម​ភាពផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្របតាមវិធានការកែទម្រង់មុតស្រួច​ជាកញ្ចប់​ដែល​មានស្រាប់។

៣៖ ឯកភាពក្នុងការផ្ដល់សាលក្នុងអគារជាន់ទី១ នៃអគារបណ្ណាល័យ​សម្តេចអគ្គ​មហា​សេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបច្ចុប្បន្ន សម្រាប់ សមាគមប្រើប្រាស់​ក្នុង​ដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូល​រួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាព កាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋា​ភិបាល​អភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕