(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូលបានកោះហៅតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ ទៅសួរនាំរឿងបណ្ដាញទឹករដ្ឋ ករណីប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅក្នុងគម្រោងទី៤ចាស់ និងទី៤ថ្មីនៃបុរីខាងលើ បែរជាគ្មានទឹករដ្ឋប្រើប្រាស់ ខណៈដែលបណ្ដាញទឹករដ្ឋបានតចូលដល់ក្នុងបុរីទៅហើយនោះ។

ការកោះហៅសួរនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខណ្ឌកំបូល។

ករណីនេះកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋជិត៥០នាក់តំណាងឲ្យជាង១០០គ្រួសារបានប្រមូលផ្ដុំគ្នាផ្ដិតមេដៃស្នើសុំទៅខាងរដ្ឋាករទឹក នៃសាលារាជធានីភ្នំពេញ ដើម្បីឲ្យជួយតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះរបស់ពួកគាត់។ ពេលនោះ ប្រជាពលរដ្ឋក៏បានអះអាងថា អាជ្ញាធរខណ្ឌកំបូលមិនអើពើលើបញ្ហាទុក្ខលំបាករបស់ពួកគាត់។ ចំណែកឯខាងបុរីវិញគិតតែពីផលប្រយោជន៍ខ្លួនឯង ដោយធ្វើអាជីវកម្មលើទឹករដ្ឋ ហើយលក់បន្តឲ្យពួកគាត់ក្នុងតម្លៃថ្លៃកប់ពពកថែមទៀត។

នៅក្នុងជំនួបនោះ មុននឹងកិច្ចចាប់ផ្ដើម លោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល បានហាមមិនឲ្យមានការថតសំឡេងនោះទេ ជាពិសេសសក្រុមអ្នកសារព័ត៌មានតែម្ដង បន្ទាប់មក លោកអភិបាលរងខណ្ឌបានសួរនាំទៅកាន់ភាគីតំណាងប្រជាពលរដ្ឋ និងតំណាងបុរីផ្ទះទំនើប០១ អំពីករណីដែលបានកើតឡើង។ ពេលនោះ ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់មានទុកលំបាកច្រើនឆ្នាំមកហើយ ក្នុងការរស់នៅក្នុងបុរីផ្ទះទំនើប០១នេះ ជាពិសេសរឿងទឹកតែម្ដង គ្មានទឹករដ្ឋប្រើប្រាស់ ខណៈដែលបណ្ដាញទឹករដ្ឋបានតចូលដល់ក្នុងបុរីទៅហើយនោះ តែខាងបុរីអត់ព្រមតបំបែកតាមផ្ទះពួកគាត់ឡើយ។

ប្រជាពលរដ្ឋបាននិយាយទៀតថា ទឹកដែលខាងបុរីផ្គត់ផ្គង់ឲ្យពួកគាត់ប្រើនោះ គឺជាទឹកគ្មានគុណភាព ទឹកស្លែ ទឹកស្អុយ ល្អក់ និងងូតទៅរមាស់ៗ ពុំដឹងថាយកមកពីប្រភពណាទេ ហើយបើអត់នៅផ្ទះត្រឹមតែ២ទៅ៣ថ្ងៃ ត្រឡប់មកវិញបើកប្រើ គឺប្រើអត់កើតតែម្ដង ព្រោះទឹកធំក្លិនស្អុយ។ ប្រការនេះបានបង្កការប៉ះពាល់ដល់សុខមាលភាព និងសុខភាពពួកគាត់ខ្លាំងណាស់ ហើយការរស់នៅរកទទួលទានផ្សេងៗអាស្រ័យលើសុខភាពល្អ ចុះបើសុខភាពមិនល្អ តើរកស៉ីយ៉ាងម៉េច។

ប្រជាពលរដ្ឋក៏បានស្នើសុំឲ្យខាងបុរីតទឹករដ្ឋឲ្យពួកគាត់ប្រើប្រាស់ឲ្យបានឆាប់, នេះជាសំណើទី១។ ចំណុចទី២ ពួកគាត់បានលើកឡើងពីបញ្ហាសេវាសន្តិសុខ ដែលរាល់ថ្ងៃខាងបុរីនេះមិនបានធានាដល់ប្រជាពលរដ្ឋឡើយ ខណៈដែលគិតសេវាយកពេញថ្លៃ ប៉ុន្តែនៅពេលមានបញ្ហាបាត់បងទ្រព្យសម្បត្តិខាងបុរីមិនទទួលខុសត្រូវសោះ ហើយប្រជាពលរដ្ឋមួយចំនួនមិនបង់សេវាជូនបុរី ព្រោះបង់ធ្វើអីបើប្រជាពលរដ្ឋការពារទ្រព្យសម្បត្តិខ្លួនឯងដែល។ ចំណុចទី៣ គុណភាពផ្ទះអន់ស្រាប់ទៅហើយ ប៉ុន្តែបញ្ហាអនាម័យក៏ត្រូវចំណាយលើបុរីផង និងក្រុមហ៊ុនប្រមូលសំរាមទៀតផង ដូច្នេះពួកគាត់សុំឲ្យបុរីពិចារណាឡើងវិញ ព្រោះប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ពួកគាត់ខ្លាំងណាស់។

ឆ្លើយតបនឹងបញ្ហានេះ តំណាងបុរីផ្ទះទំនើប០១បាននិយាយថា បញ្ហាទឹកបុរីមានរថយន្ត២ សម្រាប់ដឹកទឹកអណ្ដូងពីភូមិរំដួល សង្កាត់ស្នោរ និងមានអណ្ដូងខ្លួនឯងសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ហើយបុរីព្យាយាមផ្គត់ផ្គង់មិនឲ្យខ្វះទេ។ ចំណែកការលក់៩៥០រៀលក្នុង១ម៉ែត្រគូបនោះ គឺជាតម្លៃថោក ព្រោះបុរីយកទឹកមកទឹកថោកដែរ។ ហើយពេលថ្មីៗនេះ ទឹករដ្ឋចូលមកដល់ក្នុងបុរី ហើយបុរីបានតចូលស៉ីទែន ដើម្បីចែកចាយបន្ត ហើយលក់តាមតម្លៃទឹករដ្ឋ។ ពេលប្រជាពលរដ្ឋឃើញបែបនេះ ពួកគាត់បានទាមទារឲ្យតចូលតាមផ្ទះនីមួយៗ ប៉ុន្តែបុរីគ្មានលទ្ធភាពដោយសារតែកត្តាសរដ្ឋកិច្ច ប៉ុន្តែបុរីក៏នឹងខិតខំ។

តំណាងបុរីនេះបានបន្តថា ក្រុមហ៊ុនបានសន្យាជាមួយប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួនថា ទី១.ក្រុមហ៊ុននឹងសង់ផ្ទះឲ្យហើយរួចរាល់តាមប្លង់ ទី២.ធ្វើការផ្ទេរសិទ្ធិប្លង់កម្មសិទ្ធិជូន ទី៣.ទឹករដ្ឋមានហើយ ប៉ុន្តែមិនទាន់តចូលតាមផ្ទះ ព្រោះអត់ទាន់មានលទ្ធភាព ហើយក្រុមហ៊ុននឹងព្យាយាមធ្វើការជាមួយរដ្ឋាករទឹក ដើម្បីតចូលតាមផ្ទះពួកគាត់។

លោកអភិបាលរងខណ្ឌ លឹម ចាន់ដាវុធ បានទទួលយកទាំងអស់ឲ្យតែពាក់ព័ន្ធជាមួយទឹក។ រដ្ឋបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីបញ្ហានេះ តាមរយៈការបង្កើតទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកស្អាតធំ២ច្រើនកន្លែង។

លោកអភិបាលរងបានបន្តថា ការជួបគ្នាថ្ងៃនេះគឺដើម្បីប្រមូលព័ត៌មានទាំងសងខាង ដើម្បីសុំមតិដឹកនាំពីលោកអភិបាលខណ្ឌ និងពិភាក្សាគ្នា ហើយនឹងហៅដោះស្រាយបន្តលើកក្រោយទៀត។ លោកអភិបាលរងខណ្ឌក៏បានឲ្យខាងបុរីធ្វើតារាងស្ថិតិប្លង់ដី តើមានប៉ុន្មានក្បាលដី និងប៉ុន្មានទីតាំង តើផ្ទះដែលសង់រួចប៉ុន្មាន ក្នុងនោះអ្នកដែលកំពុងរស់ប៉ុន្មាន ហើយការខ្វះខាតទឹកភ្លើងបែបណា តើគម្រោងមានជាប់បណ្ដឹងឬអត់ ក្រុមហ៊ុនត្រូវសិក្សាលើសេវាសន្តិសុខនិងអនាម័យ ដើម្បីភាពសុខសាន្តសុខដុមរមនារវាងអ្នកទួលនិងអ្នកផ្ដល់សេវា៕