(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដើម្បីបញ្ជ្រាបទៅដល់មិត្តអ្នកអាន និងទស្សនា បានជម្រាប ព្រោះបញ្ហាជំងឺអេដស៍ គឺជាបញ្ហាយើងទាំងអស់គ្នា រួមដោះស្រាយទាំងអស់គ្នា។

ការស្នើបែបនេះរបស់ទេសរដ្ឋមន្ត្រី អៀង ម៉ូលី និងលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំក្រសួងព័ត៌មាន។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានរំលឹកឡើងវិញពីអតីតកាល នៅពេលមានការនិយាយពីជំងឺអេដស៍ គឺមានការរើសអើងចំពោះអ្នកកើតអេដស៍ ប៉ុន្តែក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឱ្យប្រជាជនមានការយលដឹងច្រើន និងមិនសូវមានការរើសអើងភាគច្រើនចំពោះអ្នកផ្ទុកមេរោគអេដស៍។ ចំណុចនេះបានបង្ហាញពីតូនាទីយ៉ាងសំខាន់របស់ប្រពន្ធ័ផ្សព្វផ្សាយនៅក្នុងការចូលរួមផ្សពផ្សាយ ហើយជោគជ័យក្នុងពេលកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ន និងទៅមុខទៀត គឺមិនអាចកាត់ផ្តាច់បានអំពីតូនាទីរបស់អ្នកសារព័ត៌មាន បានដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន ប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន ដែលជាប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងទំនើប គឺពិតជាតូនាទី និងសារៈសំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើការផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

លោកនេត្រ ភក្ត្រា បានថ្លែងថា៖ «បញ្ហាជំងឺអេដស៍ មិនមែនជារឿងដោយឡែករបស់អាជ្ញាធរ ឬអ្នកដែលផ្ទុកមេរោគអេដស៍នោះទេ ប៉ុន្តែបន្ទុកនៃបញ្ហារួមរបស់យើងទាំងអស់គ្នា ព្រោះជាបញ្ហាសង្គមជាតិរបស់យើង។ ដូច្នេះហើយក្នុងនាមជាប្រពន្ធ័ផ្សព្វផ្សាយមានតួនាទីក្នុងការចូលរួមបញ្ជ្រាបនូវចំណេះដឹង ក៏ជាវិធានការការពារទៅដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមគោលដៅ ដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមការឆ្លងមេរោគអេដស៍ មេរោគអេដស៍ គឺមានអាយុក្រោម ២៤ឆ្នាំចុះ។ បច្ចុប្បន្នបញ្ហាជំងឺអេដស៍ តែមួយមិនបានដាច់ដោយឡែកនោះទេ តែក៏មានការជាប់ពាក់ពន្ធ័ជាមួយការប្រើប្រាស់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ឬការជួញដូរផ្លូវភេទ»។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីការប្តជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើកិច្ចសហការជាមួយភាគីពាក់ពន្ធ័ទាំងអស់ ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវការអនុវត្តគោលនយោបាយ ជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ នៅកម្ពុជា ហើយខិតខំធ្វើកិច្ចសហការជាមួយអង្គភាព ស្ថាប័នសារព័ត៌មានទាំងអស់ ដើម្បីផ្សព្វផ្សាយបន្តឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការឆ្លងរីករាលនៃជំងឺអេដស៍ និងវិធានការ ការពារកុំឱ្យឆ្លងមេរោគអេដស៍។

បើតាមទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានថ្លែងថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជររដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង សំដៅធានាថា «ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាច ដោយសារជំងឺអេដស៍»។

កិច្ចការងារនេះ ទេសរដ្ឋមន្ត្រី អៀង ម៉ូលី បាននឹងកំពុងដឹកនាំការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ ដើម្បីសម្រេចគោលនយោបាយដ៏មានសារៈសំខាន់នេះ។ ទេសរដ្ឋមន្ត្រី បានលើកឡើងទាក់ទងការផ្សព្វផ្សាយការបង្ការ ការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ និងមេរោគអេដស៍ អោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋទូទៅ ហើយបានគូសបញ្ជាក់ដែរថា បញ្ហាជំងឺអេដស៍នេះ គឺមិនមានប្រទេសណាមួយនៅក្នុងពិភពលោកលុបបំបាត់បានអោយដល់ចំណុចសូន្យនោះទេ ព្រោះថាមេរោគអេដស៍ ជំងឺអេដស៍ វានៅក្នុងខ្លួនមនុស្ស ទាល់តែមកធ្វើតេស្តឈាមរកមេរោគអេដស៍ ឃើញហើយ ទើបពេទ្យអោយថ្នាំលេបព្យាបាល ប៉ុន្តែមនុស្សខ្លះមិនបានមកធ្វើតេស្តនោះទេដោយសារមានបញ្ហាពាក់ពន្ធ័ច្រើន។

ទេសរដ្ឋមន្រ្តី បានលើកពីការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញអន្តរជាតិ បានប៉ាន់ស្មានថា៖ «នៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧មុឺន ៦ពាន់នាក់ ប៉ុន្តែអ្នកដែលមកព្យាបាល ទទួលថ្នាំលេបរាល់ថ្ងៃមានតែ ៦មុឺន ៥ពាន់នាក់ គឺនៅសល់ប្រហែលជា ១មុឺននាក់ទៀត ដែលនៅលាក់មុខ ដែលនេះហើយមិនអាចឱ្យយើងសម្រេចគោលដៅបញ្ចប់អេដស៍បាននោះទេ។ ដូច្នេះហើយ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ពិសេសក្រសួងព័ត៌មាន មានតូនាទីក្នុងការផ្សាយអោយប្រជាជនចាប់អារម្មណ៍ជាមួយជំងឺអេដស៍ ដោយកុំគិតថាជំងឺអេដស៍អស់ហើយនៅកម្ពុជា បើសិនជាយើងមានដៃគូររួមភេទច្រើន ដោយមិនមានវិធានការការពារឱ្យបានត្រឹមត្រូវ អាត្រាខ្ពស់នៃការឆ្លងមេរោគផ្សេងៗ ពិសេសមេរោគអេដស៍ អាចកើតមានជាក់ជាមិនខាន»។

ទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានជំរុញលើកទឹកចិត្តដល់អ្នកដែលសង្ស័យថាឆ្លងមេរោគអេដស៍ ត្រូវហ៊ានមកធ្វើតេស្ត បើរកឃើញថាមាន គឺត្រូវមកទទួលសេវាព្យាបាល ព្រោះថាប្រសិទ្ធភាពនៃការព្យាបាលរហូតដល់ ៩៨% ឱ្យតែព្យាបាលលេបថ្នាំទៀងទាន់ ទទួលទានអាហារគ្រប់គ្រាន់ គឺមានសុខភាពល្អ៕