(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកនាយឧត្តមសនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យមន្ត្រីផ្នែកអង្កេតបទល្មើសគ្រឿងញៀននៃការិយាល័យអគ្គរដ្ឋអាជ្ញាខេត្តស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រោយកិច្ចប្រជុំនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបឱ្យដឹងថា កិច្ចពិភក្សាគឺផ្តោតសំខាន់លើការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នអគ្គរដ្ឋអាជ្ញាសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមជ្ឈមណ្ឌលសម្របសម្រួលនិងព័ត៌មានប្រចាំអាស៊ី-ប៉ាស៊ីហ្វិក ទទួលកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន (APICC)។

ជាមួយនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបបន្ថែមថា ក្រៅពីការពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់គ្រឿងញៀន ភាគីទាំងពីរក៏បានពិភាក្សាលើការស្នើសុំជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ ជួយដល់កម្ពុជា ក្នុងគម្រោងការបំផ្លាញចោលដោយសុវត្ថិភាពនូវសារធាតុញៀន និងសារធាតុគីមីផ្សំដែលសមត្ថកិច្ចកម្ពុជាបានរឹបអូសកន្លងមកផងដែរ៕