(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីប្រគល់ និងទទួលអំណោយពីសហជីពទូទាំងប្រទេសចិន ACFTU និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ CFPD ក្នុងនោះមានចានស្រាក់ចំនួន៥០០០ និងដបទឹកក្ដៅចំនួន៥០០០។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជា និងលោកស្រី Zhao Changjiu  អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE  តំណាងសហជីពទូទាំងប្រទេសចិន ACFTU និងCFPD ផងដែរ។

លោក សួង ហួត ប្រធានNACC បានថ្លែងថា លោកពិតជាមានមហាកិត្តិយសណាស់ដែលបានទទួលស្វាគមន៍វត្តមានលោក Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកស្រី Zhao Changjiu  អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE ក្នុងពិធីប្រគល់អំណោយរបស់សហជីពទូទាំងប្រទេសចិន ACFTU ដល់ NACC នៅពេលនេះ។

លោកបានថ្លែងអំណរគុណដល់ ACFTU, CFPD និង CWCIE ដែលបានផ្តល់នូវសម្ភារៈមានប្រអប់បាយ និងដបទឹកក្ដៅដល់ NACC សម្រាប់យកទៅចែកជូនកម្មករ និយោជិតកម្ពុជា។ អំណោយនេះគឺពិតជាបានឆ្លើយតប និងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់កម្មករ ហើយវាក៏ជាផ្នែកមួយនៃការចូលរួមការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅកន្លែងការងារផង និងលើកកម្ពស់សុខភាពរបស់កម្មករ និយោជិតផង។

លោក សួង ហួត បានបន្តថា ដោយឡែកទំនាក់ទំនងរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ជាមួយ ACFTU, CFPD និង CWCIE សូមធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ថាជាទំនាក់ទំនងមួយដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែក្រវាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯក ស៊ីជីនពីង ដើម្បីពង្រីកកិច្ចទំនាក់ទំនងអន្តរជាតិរវាងរដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជន។

ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ACFTU, CWCIE និង CFPD នៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅរវាងសហជីពកម្ពុជា និងសហជីពចិនដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានឈានដល់ការចុះកិច្ចសហប្រតិបត្តិការ MoC ជាមួយគ្នារួចហើយយោងតាមស្មារតីនៃកិច្ចសហការ MoC នេះមហាមិត្តចិន និងផ្ដល់ជូនការបណ្តុះបណ្តាលរយៈពេលវែង និងខ្លីដល់ NACC ការជួយគាំទ្រគ្នាទៅវិញទៅមកទាំងនៅលើឆាកជាតិ និងលើឆាកអន្តរជាតិ និងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាគ្នាទៅវិញទៅមក និងសង្ឃឹមយ៉ាងមុតមាំថា សហជីពនៃប្រទេសទាំងពីរ និងឈានដល់ការចុះអនុសារណៈនៃការយោគយល់ MoU ជាមួយគ្នានាពេលខាងមុខ។

លោក សួង ហួត បានបញ្ជាក់ថា តាមរយៈនៃការផ្ដល់ជំនួយដ៏ថ្លៃថ្លានេះបានជំរុញឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ហើយសង្ឃឹមយ៉ាងមុតមាំ និងសូមស្នើសុំដោយទទូចសូមឱ្យ ACFTU, CWCIE និង CFPD បន្តជួយដល់ NACC ទៅថ្ងៃអនាគតទៀតដើម្បីឱ្យ NACC ក្លាយជាអង្គការដៃគូសហការមួយកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។

អំណោយដ៏ថ្លៃថ្លាទាំងនេះអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី  ការរួមសុខរួមទុក្ខ និងរួមគ្នាដោះស្រាយដើម្បីអនាគតរួមគ្នា ជំរុញការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។

លោក សួង ហួត បានឱ្យដឹងថា ក្រៅពីការផ្ដល់អំណោយនេះសហជីពនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមកជាប្រចាំ។ កន្លងមកនេះភាគីមិត្តចិន បានផ្តល់ជំនួយឧបត្ថម្ភដល់ NACC ជាបន្តបន្ទាប់តាមចងចាំក្នុងនោះអំណោយទី១ គឺមិត្តចិន បានផ្តល់រថយន្តក្រុងចំណុះ៣៥កៅអី ចំនួន២គ្រឿងរួមទាំងថ្លៃដឹកជញ្ជូនពីប្រទេសចិនមកដល់កម្ពុជា។

លើកទី២ គឺមាន មាស៊ីនបាញ់ថ្នាំ ២០គ្រឿង ខោអាវបាញ់ថ្នាំ២០ ឈុត ស្បែកជើង មួក ស្រោមដៃ២០ឈុត ម៉ាស់ ៣០០,០០០បន្ទះ រួមទាំងថ្លៃដឹកជញ្ជូន។

លើកទី៣ មានកញ្ចប់ក្តីស្រលាញ់ចំនួន ២០០០កញ្ចប់ ក្នុងនោះមាន កាបូប ខ្មៅដៃ ប្រដាប់ខួង ខូល័រ ប្រេងកូឡា និងកន្សែងអនាម័យរួមទាំងថ្លៃដឹកជញ្ជូនផងដែរ។

លើកទី៤ មានម៉ាស់ ៣០០,០០០បន្ទះ ខូល័រ ៥០០០ប្រអប់ ខ្មៅដៃនិងប្រដាប់ខួង ៥០០០ប្រអប់ កន្សែងអនាម័យ ១០០០០ឧបករណ៍តេស្តរហ័សកូវីដ១៩ (៨០០០តេស្ត) រួមទាំងថ្លៃដឹកជញ្ជូន។

លើកទី៥ គឺមានម៉ាស់៤២០,០០០ បន្ទះរួមទាំងថ្លៃដឹកជញ្ជូនជា អំណោយសហជីពខេត្តយូណាន និងលើកទី៦ គឺអំណោយនៅថ្ងៃនេះ មានប្រអប់បាយចំនួន៥០០០ និងដបទឹកក្ដៅចំនួន៥០០០ រួមទាំងថ្លៃដឹកជញ្ជូនផងដែរ។

NACC នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយមិនងាករេ ហើយកន្លងមក NACC ធ្លាប់បានចេញសេចក្តីថ្លែងការណ៍គាំទ្រគោលនយោបាយចិនតែមួយនេះផងដែរ។

NACC និងបន្តការសហការល្អក្នុងនាមជាមិត្តភាពដែកថែបជាមួយសហជីពចិន និងអង្គការសង្គមស៊ីវិលនានារបស់ប្រទេសចិនជាពិសេសជាមួយ ACFTU, CFPD, CWCIE និងCNIE ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហជីពទាំងពីរក្លាយជា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅនាពេលអនាគត៕