(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមលើកស្ទួយផលិតផលខ្មែរ ដើម្បីជួយដល់ប្រជាកសិករ។

ការអំពាវនាវបែបនេះ បានធ្វើឡើងនាឱកាសដែល លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមនៅក្នុងពិធីបើកពិព័រណ៍ «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផលខ្មែរ» ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅផ្សារទំនើប ជីបម៉ុង២៧១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។

លោក ឌិត ទីណា បានថ្លែងក្នុងពិធីបើកពិព័រណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមសហការគ្នាលើកស្ទួយផលិតផលខ្មែរ ដើម្បីឲ្យយើងអាចជួយដល់ប្រជាកសិករយើង»

លោកបានបន្តថា ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា រសជាតិកសិផលខ្មែរនេះ ដែលមានរយៈពេលពីរថ្ងៃនេះ ជាការជួយបំផុសនូវស្មារតីជាតិនិយម ដើម្បីជួយទ្រទ្រង់ដល់ប្រជាកសិករខ្មែរ ឱ្យកាន់តែមានភាពសម្បូរសប្បាយជាងនេះទៀត។

លោករដ្ឋមន្រ្តីបានបន្ដទៀតថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យកសិកម្មកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង។ លោកបានបន្ថែមថា ក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងកសិកម្ម ក៏ដូចជាក្រសួងពាណិជ្ជកម្ម និងក្រសួងជំនាញ រួមគ្នាសហការយ៉ាងស្អិតរមួត ដើម្បីធ្វើយ៉ាងណារកទីផ្សារ ហើយពង្វៀងការផលិតដើម្បីតម្រូវនឹងទីផ្សាររបស់យើងមកទល់ពេលនេះ យើងផលិតសម្រាប់ហូបគ្រប់គ្រាន់ ហើយថែមទាំងលើសដើម្បីនាំចេញទៅបរទេសទៀត។

លោកបានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ ផលិតផលកសិកម្មយើងនាំចេញនៅក្រៅប្រទេសរហូតទៅដល់ ៨,៣លានតោន ដែលក្នុងនោះមានផលិតផលជាច្រើនដូចជា៖ ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច ស្វាយ ជាដើម៕