(បន្ទាយមានជ័យ)៖ ព្រោះតែការនឿយណាយ និងអស់ជំនឿចិត្តចំពោះការដឹកនាំរបស់គណបក្សភ្លើងទៀន បានធ្វើឱ្យអ្នកស្រី ដន សំណាង អនុប្រធានទី២ របស់គណបក្សភ្លើងទៀន ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្រេចចិត្តដើរចេញពីគណបក្សនេះ ហើយសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
អ្នកស្រី ដន សំណាង បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រឆាំង ជាច្រើនឆ្នាំមកហើយ រហូតទទួលបានទំនុកចិត្តពីបក្សឱ្យកាន់តួនាទីជាអនុប្រធានទី២ បក្សភ្លើងទៀន ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកស្រី ដន សំណាង មានក្តីរំពឹងថា ការធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង នឹងមានឱកាសជួយដល់សង្គមជាតិស្របតាមឆន្ទៈរបស់ខ្លួន។
ប៉ុន្តែការធ្វើនយោបាយជាមួយគណបក្សប្រឆាំងច្រើនឆ្នាំមកនេះ មិនបានរួមចំណែកអ្វីដល់កិច្ចកសាងសង្គមនោះឡើយ។ ផ្ទុយទៅវិញ បក្សចេះតែមានបញ្ហាផ្ទៃក្នុង ជួបការបែកបាក់ក្នុងជួរដឹកនាំជាដើម។ បញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកស្រី ដន សំណាង អស់សង្ឃឹមនឹងការរួមរស់ជាមួយគណបក្សភ្លើងទៀន ហើយសម្រេចចិត្តដើរចេញតែម្តង។
ទន្ទឹមនឹងការសម្រេចដើរចេញពីបក្សប្រឆាំងដែលធ្លាប់រួមរស់ជាមួយនោះ អ្នកស្រី ដន សំណាង ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកស្រី ដន សំណាង បានបញ្ជាក់ថា ពេលនេះអ្នកស្រីបានមើលឃើញច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសាមគ្គីភាពរឹងមាំ ជាពិសេសមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ ឆ្ពោះទៅរកការរីកចម្រើន។
អ្នកស្រី ដន សំណាង បានគោរពសុំការយោគយល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យអ្នកស្រីបានរួមរស់ និងធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា៕