(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបំភ្លឺបកស្រាយពាក់ព័ន្ធនឹងចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងខ្លះ ឆ្ងល់ថា «តើកម្ពុជាយើងសម្បូរភ្លើង (ថាមពលអគ្គិសនី) រហូតទៅដល់លែងខ្វះខាតហើយឬអី បានជាអាចចង់លក់នៅប្រទេសក្រៅថែមទៀត?

ការបំភ្លឺបកស្រាយនេះរបស់លោក កែវ រតនៈ ធ្វើឡើងតាមរយៈវីដេអូខ្លី ក្រោយលោកបានបញ្ចប់កិច្ចប្រជុំ ជាមួយនឹងខាងប្រទេសសិង្ហបុរី ពាក់ព័ន្ធជាមួយនឹងការចង់បង្កើត បណ្ដាញអគ្គិសនីអាស៊ាន ដែលភាសាអង់គ្លេសហៅថា Asean Power Gird ឬក៏អក្សរកាត់ហៅថា APG។

លោក កែវ រតនៈ បានលើកឡើងថា «ខ្ញុំបាទសូមបំភ្លឺថា ស្រដៀងគ្នា ជាមួយនឹងបញ្ហាស្បៀងអាហារ ដូចជាស្រូវអង្ករ មិនមែនមានន័យថា កម្ពុជាយើង ក្នុងគ្រួសារម្នាក់ៗ គឺមានស្រូវពេញហៀរហូរជម្រុក ហូបអត់អស់សល់គ្រប់គ្រួសារ ហើយបានយើងនាំអង្ករចេញទៅក្រៅប្រទេសជាង ១០០ប្រទេស ដូចយើងធ្វើបច្ចុប្បន្ននោះទេ។ ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ២០២៥ ឆ្នាំ២០២៦ ឆ្នាំ២០២៧ គឺអាចមានការប្រឈម ដែលយើងហៅថា អន្តរកាលថាមពល។ ក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហា៣៖
បញ្ហាទី១៖ បញ្ហារក្សាថ្លៃកុំឲ្យឡើង ហើយបើអាចចុះបានល្អ បើអាច, បញ្ហាទី២៖ ចង់ដោះស្រាយបញ្ហាផ្គត់ផ្គង់ កុំឲ្យខ្វះ ប្រសិនបើអាច និងបញ្ហាទី៣៖ គឺចង់បង្កើនថាមពលបៃតង ឲ្យច្រើន»

លោក កែវ រតនៈ បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាយើងមានថាមពលបៃតងប្រមាណ ៦២ភាគរយ ប៉ុន្តែយើងចង់ឲ្យបង្កើនដល់ជាង ៧០ភាគរយ មុនឆ្នាំ២០៣០ ដើម្បីការពារបរិស្ថាន, ដើម្បីយកថាមពលបៃតងនេះ យកទៅទាក់ទាញការវិនិយោគ ពីក្រៅប្រទេស មកបង្កើតជាការងារ ឲ្យកម្មករ-កម្មការិនី យុវជន យុវនារី ឲ្យសម្បូរការងារធ្វើ សម្រាប់ជាការជ្រើសរើសផងដែរ។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា កម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវខិតខំ ធ្វើការអភិវឌ្ឍបន្ថែមទៀត ពីព្រោះប្រសិនបើ អត់មានធ្វើការអភិវឌ្ឍទៀតទេ កម្ពុជាប្រាកដជាខ្វះ អីចឹងបើមានអ្នកប្រឆាំងចូលចិត្តតែប្រឆាំង មិនឲ្យមានការអភិវឌ្ឍប្រាកដជាខ្វះ ប៉ុន្តែបើរួមគ្នា គាំទ្រការអភិវឌ្ឍ គាំទ្រសន្ដិភាព ដូចដែលយើងបានធ្វើហូរហែកន្លងមក បញ្ហាខ្វះខាតនឹងត្រូវបានកាត់បន្ថយ។

លោក កែវ រតនៈ បានលើកឡើងថា «កម្ពុជាមិនចាំបាច់ រហូតទាល់តែមានហូរហៀរ ១០០ភាគរយ បានយើងលក់ថាមពលមកក្រៅប្រទេសទេ ព្រោះថា បញ្ហានេះ មិនចាំបាច់ធ្វើមួយចោលមួយទេ គឺយើងអាចខំធ្វើ ដើម្បីប្រើប្រាស់ក្នុងស្រុកផង និងដើម្បីបង្កើនចំណូលឲ្យជាតិយើងផង»

លោក កែវ រតនៈ បានគូសបញ្ជាក់ថា កាលណាជាតិមានចំណូលច្រើន រដ្ឋាភិបាលអាចដំឡើងប្រាក់ខែ ជូនកងកម្លាំងប្រដាក់អាវុធ ជូនមន្ដ្រីរាជការស៊ីវិល ជួយកម្មករ-កម្មការិនី ជួយទិញថ្នាំសង្កូវ ឲ្យប្រជាពលរដ្ឋព្យាបាល ហើយជាពិសេសយកទៅអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិ។

ទន្ទឹមគ្នានេះ លោក កែវ រតនៈ បានឲ្យដឹងថា កិច្ចការនេះជាគោលនយោបាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺប្រឹងធ្វើដើម្បីប្រើខ្លួនឯងផង ហើយទន្ទឹមនឹងនេះ បើកផ្លូវដើម្បីឲ្យយើងបង្កើតឱកាសថ្មី គឺអាចថ្ងៃក្រោយ ពេលដែលខ្សែជាប់គ្នា របស់ប្រទេសអាស៊ាន គឺយើងអាចបង្កើតគម្រោងលក់ភ្លើង ដើម្បីយកចំណូលឲ្យប្រទេសជាតិ។

លោក កែវ រតនៈ ក៏សូមបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រគំនិតនេះ ពីព្រោះការគាំទ្រគំនិតនេះ គឺជាការនាំមកនូវវិបុលភាពថ្មីឲ្យកម្ពុជាយើង មិនមែនឲ្យអ្នកណាម្នាក់ទេ គឺឲ្យជាតិខ្មែរយើងទាំងមូលតែម្ដង៕