(កណ្ដាល)៖ អ្នកភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ជាង២០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយផ្ដល់បង្គោលភ្លើងសម្រាប់ឲ្យពលរដ្ឋដាក់ខ្សែភ្លើងផង ដោយសារតែបង្គោលភ្លើងនៅឆ្ងាយ ដែលជាហេតុនាំឲ្យខ្សែ ភ្លើងតភ្ជាប់ មានសភាពឆ្ងាយពីបង្គោលមួយទៅបង្គោលមួយ នាំឲ្យខ្សែភ្លើងធ្លាក់កោងមកក្រោម និងបារម្ភពីហានិភ័យខ្លាចប៉ះពាល់អាយុជីវិតពលរដ្ឋនារដូវភ្លៀងខ្យល់នេះ។

ថ្លែងរអ៊ូមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ, លោកស្រី ឈាង សួរ និងលោកស្រី ជា សារឿន តំណាងពលរដ្ឋទាំងអស់បានថ្លែងថា ពួកគាត់បានស្នើសុំទៅខាងអគ្គិសនី ស្រុកស្អាងជាយូរមកហើយ តែពុំមាននរណាអើពើមកជួយពួកគាត់ឡើយ។ ពួកគាត់បារម្ភសុវត្ថិភាពដ្បិតខ្សែភ្លើងធ្លាក់មកក្រោម ហើយភ្លៀងខ្យល់ខ្លាចប៉ះពាល់អាយុជីវិតពួកគាត់។

ពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត មេត្តាយកចិត្តទុកដាក់ជួយដាក់បង្គោលភ្លើងក្នុងភូមិជូនពលរដ្ឋផង ដើម្បីបង្កភាពងាយស្រួលក្នុងការដាក់ខ្សែភ្លើង៕