(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថាប័នអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលយុត្តិធម៌ បានប្រជុំផ្សព្វផ្សាយ និងការពង្រឹងច្បាប់លើក្រុមក្មេងទំនើង​ ដែលប្រព្រឹត្តទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។

ពិធីនេះក៏មានការចូលរួមពីស្នងការរងទទួលផែនជំនាញ អធិការក្រុងស្រុកទាំង១០ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ និងភ្នាក់ងារសង្គមកិច្ច នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ប្រមាណ ២៥០នាក់ ។

លោក តូច ឧត្តម ព្រះរាជអាជ្ញារង បានឲ្យដឹងថា កម្មវិធីនេះមានសារៈសំខាន់ ពោលគឺជាការបន្តចូលរួមពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគបាលយុត្តិធម៌ និងមន្ត្រីនគរបាល ដើម្បីធានាការអនុវត្តច្បាប់ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងស្របតាមវិធានច្បាប់។

ពិធីនេះក៏ជាការផ្សព្វផ្សាយមួយ ដែលប្រកាសចេញជាថ្មីនូវជំហរកាន់តែរឹងមាំ ម៉ឺងម៉ាត់ច្បាស់លាស់ និងមិនអត់ឱន របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចំពោះការបង្ក្រាប និងចោទប្រកាន់លើក្រុមក្មេងទំនើង ក្នុងដែនដីខេត្តកំពង់ចាម។

លោកព្រះរាជ្ញារង បានបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ដោយមិនលើកលែងលើករណីក្រុមក្មេងទំនើង ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្នុងដែនដីខេត្តកំពង់ចាម គឺជាការគិតគូរពិចារណាអំពីផលប្រយោជន៍សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋកំពង់ចាម។

ក្រៅពីនេះការបន្តអនុវត្តវិធានការច្បាប់លើករណីបទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ ក៏នៅតែជាបញ្ហាអាទិភាពដែលស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតផងដែរ៕