(សៀមរាប)៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំលើកទី៨៥របស់​ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានគោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន។

ក្រោយស្តាប់របាយការណ៍របស់ប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធាន​​ផុតអាណត្តិ ស្តីពីសមិទ្ធផលឆ្នាំ​២០២៣ កម្ពុជាក្នុងនាម​ជា​ប្រធានប្តូរវេនថ្មីសម្រាប់ឆ្នាំ២០២៤ បានបង្ហាញចក្ខុវិស័យសម្រាប់​ការបន្តកិច្ច​សហប្រតិបត្តិការ និងពង្រឹងប្រព័ន្ធនវានុវត្តន៍របស់តំបន់ និងបានពិភាក្សាអំពីគោលដៅយុទ្ធសាស្ត្រ​សម្រាប់​អនាគត។

ថ្លែងក្នុងក្នុងពិធីបើកលោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្តន៍ បានលើកឡើងថា «កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានចំពោះកិច្ចសហប្រតិបត្តិការ និង​បរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់ទាំងមូល។ ខណៈដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន កិច្ច​សហប្រតិបត្តិការទាំង​នេះ​ គឺ​ជា​គន្លឹះ​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​​អាស៊ាន​ឆ្ពោះទៅការបង្កើតសហគមន៍​មួយដែល​មាន​សន្តិ​ភាព សមាហរណកម្ម និង​នវានុវត្តន៍ខ្ពស់»

អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផល នៃកិច្ចប្រជុំនាពេលកន្លងមក ដែលផ្តល់បរិបទ និងកំណត់ជាទិសដៅយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ។ លទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រើសម្រាប់កិច្ចពិភាក្សា​ជា​បន្ត​បន្ទាប់ទាក់ទងនឹងសេចក្តីសម្រេចកន្លងមក, ស្ថានភាពនៃការអនុវត្តមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អាហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

កិច្ចប្រជុំបានពិនិត្យរបាយការណ៍ក្រុមប្រឹក្សាពីគ្រោះយោបល់, ផែនការសកម្មភាពអាស៊ាន​ផ្នែកវិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) សម្រាប់ឆ្នាំ ២០១៦-២០២៥ និងបានពិភាក្សាលើការ​អនុម័ត និងចំណុចសំខាន់ៗ ដើម្បីដឹកនាំគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការ និងបង្កើតមូលដ្ឋានដើម្បី​រៀបចំផែនការអនាគត រួមទាំងផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ផងដែរ។

ក្រៅពីពិនិត្យលើការអនុវត្តអាទិភាព ឆ្នាំ២០២៣ ដូចជាគម្រោងមជ្ឈមណ្ឌល​គ្រប់គ្រងបច្ចេក​វិទ្យា​អាស៊ាន និងបណ្តាញអាស៊ានផ្នែកសេដ្ឋកិច្ចជីវ-វិលជុំ និងសេដ្ឋកិច្ចបៃតង, កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការ​អាទិ​ភាព​ ឆ្នាំ​២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងពង្រីកវិសាលភាពនៃគម្រោង​សំខាន់ៗ។ អាទិភាពដែល​បានស្នើឡើងសម្រាប់ឆ្នាំ២០២៤ រួមមានការបង្កើតវេទិការ​អប់រំអាស៊ានតាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​ឧស្សា​ហកម្មជំនាន់ទី៤ ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះបរិវត្តកម្មឌីជីថល និងការ​អភិវឌ្ឍកម្លាំងពលកម្ម​ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០(AMMSTI-20) កិច្ចប្រជុំ COSTI បានសម្រេចអនុម័តរបៀបវារៈ និងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដែលមានភាព​ស៊ី​សង្វាក់ និងការឯកភាព លើអាទិភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់​សាធារណជន និងភាគីពាក់ព័ន្ធអន្តរជាតិដ៏ទូលំទូលាយ។

កិច្ចប្រជុំ COSTI-85នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការពន្លឿន​ការអនុវត្តអាទិភាព​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ដោយបង្កើតក្របខ័ណ្ឌ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ និងជំរុញវឌ្ឍនភាពក្នុងតំបន់ប្រកបដោយចីរភាព និងបរិយាបន្ន៕