(ភ្នំពេញ)៖ កម្ពុជា និងសហរដ្ឋអាមេរិក បានប្តេជ្ញាពង្រីកទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើងវិញ។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ លោក ឡយ អូស្ទីន ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បានបញ្ជាក់ថា យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ លោកបានគិតថា នេះជាឱកាសដែលប្រទេសទាំងពីរ អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទោះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងប្រទេសទាំងពីរមិនអាក្រក់ពេកនោះទេ។ សម្តេចបានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ ក៏បានសំណូមពរដល់ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក៏បានអរគុណចំពោះ សហរដ្ឋអាមេរិកដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត។

សម្ដេចតេជោ និងលោកអូស្ទីន បានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិ ដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញដោយអនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោលក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនា ដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំឱ្យបាត់បង់ព័ត៌មាន។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។

 លោកអូស្ទីន ក៏បានបង្ហាញពីបំណងប្រាថ្នាក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឲ្យបានច្រើនទៀត។ សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ហើយក៏បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា លោកអូស្ទីន នឹងជំរុញឲ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត៕