(ភ្នំពេញ)៖ ​លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញបំណងក្នុងការជំរុញ​វិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឲ្យបានច្រើនទៀត។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បង្ហាញបំណងបែបនេះ ក្នុងឱកាសដែលលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​កម្ពុជា នៅវិមានព្រឹទ្ធសភា ​នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ចំពោះបំណងរបស់ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក និងបានបញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយ​ឱ្យរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា លោកអូស្ទីន នឹងជំរុញឲ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។

ភាគីទាំងពីរ បានប្តេជ្ញាពង្រីកទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើងវិញផងដែរ។

សហរដ្ឋអាមេរិក គឺដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានជាង២.៦៨ពាន់លានដុល្លារកើនឡើង៦.៥% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង២.៦១ពាន់លានដុល្លារកើនឡើង៦.៨% និងនាំចូលទំនិញពីអាមេរិកមកវិញក្នុងតម្លៃជាង៧២លានដុល្លារ ថយចុះ៣.២%៕