(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាសង្គ្រាមវាងរុស្ស៉ី និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា ដោយឯកភាពគ្នាថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ គឺត្រូវតែមានដំណោះស្រាយតាមការចរចា ពិសេសក៏បានឯកភាពគ្នាទៅលើដំណោះស្រាយរដ្ឋពីរ សម្រាប់មជ្ឈិមបូព៌ា ដែលនឹងផ្ដល់នូវសុខសន្តិភាពយូរអង្វែង សម្រាប់អ៉ីស្រាអ៊ែល និងប៉ាឡេស្ទីន។

ការយល់ស្របទស្សនៈគ្នារវាង សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ សម្ដេចតេជោបានលើកឡើងទាក់ទងបញ្ហាក្នុងតំបន់សមុទ្រចិនខាងត្បូងថា ដើម្បីឱ្យមានសន្តិភាព ស្ថិរភាព នៅក្នុងតំបន់នោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ៖
១៖ គោរពឲ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង DOC។
២៖ ភាគីដែលមានជម្លោះត្រូវដោះស្រាយជាមួយគ្នា។
៣៖ ធ្វើយ៉ាងណាឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC ដែលភាគីកម្ពុជាបានខិតខំចង់ឲ្យសម្រេចបានកាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព យូរអង្វែងក្នុងតំបន់៕