(តាកែវ)៖ កម្លាំងនគរបាលខេត្តតាកែវ​ បានធ្វើការស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើង២នាក់ទៀត ក្នុងចំណោមបក្ខពួកមួយចំនួនទៀត ដែលបើកម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅមុខផ្សារអង្គតាសោម ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាក្រុមក្មេងទំនើងទាំង២ក្រុមចំនួន៧នាក់ ហើយក្មេងទំនើងចំនួន២នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

បើតាមរបាយការណ៍ បានបញ្ជាក់ទៀតថា ក្មេងទំនើងដែលត្រូវបានចាប់ខ្លួនទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ​ អឿន​ ប៊ីប៊ី​ អាយុ​១៧ឆ្នាំ​ រស់នៅភូមិព្រៃឈើទាលក្រោយ​ ឃុំអង្គតាសោម
*ទី២៖ ឈ្មោះ​ គុណ​ សាហ៊ុយ​ អាយុ​១៦ឆ្នាំ​ នៅភូមិពោធិព្រះសង្ឃ​ ឃុំតាភេម​ ស្រុកត្រាំកក់។

សូមបញ្ជាក់ថា ករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំផ្សារអង់តាសោមនេះ ក្រោយកើតហេតុភ្លាម កម្លាំងនគរបាល និងអាវុធហត្ថខេត្ត បានស្រាវជ្រាវបង្ក្រាបបានចំនួន២នាក់ ហើយរហូតមកដល់ពេលនេះត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារផងដែរ៕