(ភ្នំពេញ)៖ ទាក់ទងបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ទៅលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថា ដើម្បីឱ្យមានសន្តិភាព ស្ថិរភាព នៅក្នុងតំបន់នោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។

សម្តេចបានបន្តថា ភាគីដែលមានជម្លោះត្រូវដោះស្រាយជាមួយគ្នា ធ្វើយ៉ាងណាឱ្យសម្រេចនូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលភាគីកម្ពុជាកន្លងទៅបានខិតខំចង់ឱ្យសម្រេច កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព យូរអង្វែងក្នុងតំបន់។

តាមរយៈជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហា សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងប៉ាឡេស្ទីន និងអុីស្រាអែលផងដែរ។

ក្នុងនោះលើបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ា សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងរដ្ឋមន្ត្រីការពារជាតិអាមេរិក បានឯកភាពគ្នាថា សង្រ្គាមមិនអាចបញ្ចប់សង្គ្រាមបានទេ គឺត្រូវតែមានដំណោះស្រាយតាមការចរចារ ពិសេសក៏បានឯកភាពគ្នាទៅលើដំណោះស្រាយរដ្ឋពីរសម្រាប់មជ្ឈិមបូព៌ា ដែលនឹងផ្ដល់នូវសុខសន្តិភាពយូរអង្វែងសម្រាប់អ៉ីស្រាអ៊ែល និងប៉ាឡេស្ទីន។

បញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះដែនសមុទ្ររវាងចិន និងសមាជិកអាស៊ាន៤ប្រទេស បានក្លាយជាប្រធានបទក្តៅ និងរសើបរបស់ពិភពលោក និងតំបន់។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ នាពេលកន្លងទៅ កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុវត្តដំណោះស្រាយ ប្រកបដោយសន្តិវិធី និងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឱ្យអាស៊ាននិងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)៕