(ភ្នំពេញ)៖​ នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ទៀ​ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានបង្ហាញជំហររួមគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិឡើងវិញ។

តាមរយៈជំនួបនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានសម្ដែងការស្វាគមន៍ចំពោះលោក ឡយ អូស្ទីន (Lloyd Austin) និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២ បន្ទាប់ពីលើកទី១ លោកអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការជួយពង្រឹង និងលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ រួមទាំងកងរក្សាសន្តិភាពកម្ពុជាទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលកន្លងមក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជម្រាបជូន លោក ឡយ អូស្ទីន (Lloyd Austin) ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសំណូមពរលោក ឡយ អូស្ទីន (Lloyd Austin) បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោលនយោបាយការពារជាតិ, ក្រុមពិភាក្សាទ្វេភាគីការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា ធ្វើការឱ្យបានជិតស្និទ្ធឡើងវិញជាមួយភាគីអាមេរិក ក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ដោយផ្តោតលើកិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់, ការកសាងសមត្ថភាពយោធិន, ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនាញកងទ័ពជើងគោក ជើងទឹក ជើងអាកាសប្រទេសទាំងពីរកម្ពុជា-អាមេរិក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោក Lloyd Austin បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច, ប្រតិបត្តិការរក្សាសន្តិភាព «លើកកម្ពស់ការចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី (យេនឌ័រ), ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព, ការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ» ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញទ័ពជើងគោក ជើងទឹក ជើងអាកាស នៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសផ្សេងៗ។

ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងអាមេរិក គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកងទ័ពទាំងពីរកម្ពុជា-អាមេរិក ឱ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព និងប្រជាជនសម្រាប់អនាគត៕