(កំពង់ធំ)៖ រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ បានដឹកនាំសហការី នៃក្រុមការងារប្រឡងប្រណាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅត្រួត ពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបន្ថែមលើគោលរបប ដែលថ្នាក់លើបានកំណត់ ក្នុងចលនាប្រឡងប្រណាំងទាំង៥ នៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងអង្គភាព ក៏បានចាត់តាំង កម្លាំងចូលរួមក្នុងការអនុវត្តន៍គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហើយថ្មីៗនេះក៏បានចាត់តាំងកម្លាំងមួយចំនួនទៀត ចូលរួមក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ បានបញ្ជាក់ថា ដោយឡែកចំពោះការងារចិញ្ចឹមទ័ព អង្គភាពបានដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយសមូហភាពបានគ្រប់គ្រាន់ ដោយអង្គភាពមានស្រះចិញ្ចឹមត្រីចំនួន២ស្រះ មានត្រីជាង ៣០.០០០ក្បាល ចិញ្ចឹមគោចំនួន២៥ក្បាល និងមានមាន់ ទា ក្ងានមួយចំនួន ដើម្បីដោះស្រាយជីវភាពក្នងអង្គភាពប្រចាំថ្ងៃ។ ដោយឡែកចំពោះយោធិនដែលត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍ ត្រូវបានអង្គភាពប្រគល់មេគោពូជជូនមួយក្បាល ដើម្បីបងប្អូនយកទៅចិញ្ចឹមសម្រាប់ដោះស្រាយ ជីវភាពក្នងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះដែរអង្គភាព ផ្នែកសឹករងស្ទឹងសែន ជាអង្គភាពមួយ ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡង ប្រណាំងទាំង ៥ខ្លឹមសារ  ដែលថ្នាក់លើបានដាក់ចេញ ដើម្បីគ្រប់គ្រងកម្លាំង កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព បានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អនូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិ ភាគទី៤ បានដាក់ចេញឲ្យទទួលបានជោគជ័យ និងត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីប្រទេសជាតិយើងបន្តការ អភិវឌ្ឍន៍  ពិសេសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងបន្ថែមទៀត៕