(តាកែវ)៖ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយលោក យ៉ែម រឿន នាយកសាលាវិទ្យាល័យសុខអានទន្លាប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះអប់រំសិស្សានុសិស្សដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ហើយគេចទៅប្រមូលផ្ដុំគ្នាលេងទូរស័ព្ទ ជក់បារី តាមតូបកា ហ្វេ ខាងក្រៅរបងសាលារៀន មិនព្រមចូលរៀនចំនួន១០នាក់ យកមកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។

ការចុះប្រមូលសិស្សគេចសាលាទាំង១០នាក់នេះ បានធ្វើឡើងតាមការណែនាំពីសំណាក់លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ។

ជាមួយគ្នានោះដែរ ក៏មានការចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។

ព្យាបាលសិស្សានុសិស្សដែលគេចសាលា បានថ្លែងអំណរគុណនគរបាលស្រុកគិរីវង់ ដែលបានចូលរួមសហការហៅកូនរបស់ខ្លួនដែលគេចសាលា មកធ្វើការអប់រំនាពេលនេះ កុំឱ្យមានការពពាក់ពពូនគេចសាលាបន្តទៀត ហើយក្នុងនាមអាណាព្យាបាលសិស្ស និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឱ្យកូនរបស់ខ្លួន កែប្រែ ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះនឹងជំនាញពិតប្រាកដ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បើសមត្ថកិច្ចមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការ សិក្សាចោល ដោយសារ រៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្ន មានការកែប្រែ អាប់ដេតច្រើន ទាមទារឱ្យសិស្សសិក្សាស្រាវជ្រាវឱ្យបានច្រើនជាងមុនផងដែរ៕